ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អគ្គនាយកដ្ឋានកាំកុងត្រូល បានអះអាងថា បច្ចុប្បន្នចំពោះបញ្ហាម្ហូបអាហារដែលមានសារធាតុគីមី និងខុសបច្ចេកទេស មានការថយចុះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា៖

មន្ត្រីជំនាញសុវត្តិភាពម្ហូបអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានលើកឡើងថា បបច្ចុប្បន្ននេះ ចំពោះបញ្ហាម្ហូបអាហារដែលមានសារធាតុគីមី និងខុសបច្ចេកទេស មានការថយចុះ និងមិនសូវមានដាក់លក់នៅក្នុងទីផ្សារ ខណៈដែល អាជីវករមានការយល់ដឹងច្រើនជាងមុន ។

នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ អប់រំ និងផ្សព្វផ្សាយពីសុវត្តិភាពម្ហូបអាហារ នៅផ្សារទំនប់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានលើកឡើងថា ដោយមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ និងចុះមកផ្សព្វផ្សាយជូនដល់អាជីវករ នៅតាមទីផ្សារនានា ក៏ដូចជា នៅក្នុងផ្សារទំនប់នេះជាច្រើនលើក ហើយអាជីវករដែលលក់ដូរនៅក្នុងផ្សារនេះ បានមានការយល់ដឹងច្រើនជាងមុន ហើយបានធ្វើការកែតម្រូវ មកចេះគិតគូរពីសុខភាពរបស់អតិថិជនឡើងវិញ ។

លោកបានបន្តថា ដោយកន្លងមក មន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករទាំងអស់ អំពីផលប៉ះពាល់មកលើមនុស្ស ដែលបណ្តាលមកពីម្ហូបអាហារ ដែលមិនមានគុណភាព ដើម្បីអោយអាជីវករគ្រប់រូប បានគិតគូពីសុវត្តិភាពរបស់អតិថិជនរបស់ខ្លួន ដោយមិនធ្វើការដាក់បន្ថែមនូវសារធាតុគីមី រឺទំនិញហួសកាលបរិច្ចេទ ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។ លោកបានបញ្ជាក់ថា មន្ត្រីជំនាញកាំកុងត្រូល នៅគ្រប់បណ្តាសាខា ទូទាំងប្រទេស និងធ្វើសកម្មភាពចុះត្រួតពិនិត្យ ដូចភ្លៀងរលឹម ដើម្បីស្វែងរក និងតាមបង្កា្របអោយបាននូវការផលិត ដែលផ្ទុយពីច្បាប់អនុញ្ញាត្តិ និងការបង្កហានិភ័យដល់សុខុមាលភាពប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ មន្ត្រីជំនាញបានធ្វើការណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែមនូវសារធាតុគីមីឃាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ដាក់តាំងលក់ផលិតផលអោយត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម ។

ជាមួយគ្នានោះដែរ អាជីវករលក់ដូរនៅក្នុងផ្សារទំនប់ បានសម្តែងនូវការសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះ មន្ត្រីជំនាញកាំកុងត្រូលដែលបានចុះធ្វើការត្រួតពិនិត្យ នូវទំនិញ ម្ហូបអាហារ ដែលដាក់លក់នៅក្នុងផ្សាររបស់ខ្លួន ដើម្បីបង្ហាញពីគុណភាព និងអនាម័យជូនដល់អតិថិជន ។ លោកស្រីបានធ្វើការសន្យា និងធ្វើការណែនាំដល់សមាជិកក្រុមគ្រួសារទាំងអស់ អោយចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការគិតគូរពីសុខភាពរបស់អ្នកប្រើប្រាស់ តាមរយៈការមិនដាក់លាយនូវសារធាតុហាមឃាត់ និងមិនដាក់លក់នូវផលិតផលដែលគ្មានគុណភាព និងហួសកាលបរិច្ចេតជាដើម ៕