ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនចូលរួមចំណែកដល់ ការរីកចម្រើនសង្គមសេដ្ឋកិច្ចរបស់វៀតណាម

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៨ — កាលពីថ្ងៃទី ០៩ ខែសីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានកោតសរសើរពីតួនាទីរបស់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ជប៉ុនក្នុងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់វៀតណាម។
នៅឯពិធីទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Kazuyuki Nakane នៅទីក្រុងហាណូយ លោក Minh បាននិយាយថា លោករំពឹងថា ភាគីទាំងពីរនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពទៅលើគម្រោងនានាដែលឧបត្ថម្ភថវិកាដោយ ODA ។

លោកបានសំដែងការរីករាយ ចំពោះកំណើនដ៏រឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាង វៀតណាម និងជប៉ុន។ លោក Minh បានរៀបរាប់អំពីដំណើរទស្សនកិច្ចផ្លូវការរបស់អធិរាជជប៉ុន ព្រះអង្គម្ចាស់ Akihitio និង Empress Michiko ទៅកាន់ប្រទេសវៀតណាម និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ទៅកាន់ប្រទេសជប៉ុន ដោយនិយាយថា ទស្សនកិច្ចទាំងនេះនឹងនាំឱ្យទំនាក់ទំនងទ្វេភាគីទៅកាន់ដំណាក់កាលថ្មីនៃកិច្ចអភិវឌ្ឍន៍។

លោកបានផ្តល់អនុសាសន៍ឱ្យភាគីទាំងពីរបន្តរៀបចំដំណើរទស្សនកិច្ចរួមគ្នារបស់មន្រ្តីជាន់ខ្ពស់ក្នុងឆ្នាំ ២០១៨ ដែលជាខួបលើកទី ៤៥ នៃទំនាក់ទំនងការទូតទ្វេភាគី។ លោក Minh ក៏បានអំពាវនាវផងដែរឱ្យជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកានានានៅថ្នាក់អន្តរជាតិ និងថ្នាក់តំបន់។

សម្រាប់ភាគីជប៉ុន រដ្ឋមន្ត្រី Nakane បាននិយាយថា ជប៉ុនគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម ហើយសង្ឃឹមថា នឹងបង្កើនទំនាក់ទំនងជាមួយវៀតណាមឆ្ពោះទៅរកលទ្ធផលជាក់ស្តែង។ លោកបានថ្លែងអំណរគុណចំពោះការចូលរួម និងវិភាគទានរបស់វៀតណាម ចំពោះយន្តការសហប្រតិបត្តិការអាស៊ាន ដែលពាក់ព័ន្ធនឹងជប៉ុន ព្រមទាំងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)