ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកមន្រ្តីចិន និងអាមេរិកព្រមព្រៀងគ្នាក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ — អគ្គកុងស៊ុលចិនថ្មីប្រចាំនៅទីក្រុងសាន ប្រានស៊ីស្កូ(San Francisco) លោក វ៉ាង ដុងហូ និង អភិបាលក្រុងសាន ប្រានស៊ីស្កូ លោកស្រី London Breed បានព្រមព្រៀងគ្នាថា នឹងធ្វើឱ្យ​ប្រសើរ​ឡើង​នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងទីក្រុងសាន ប្រានស៊ីស្កូ។
លោក​ វ៉ាង បានេជួបប្រជុំជាមួយលោកអភិបាលក្រុងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែល​ជាថ្ងៃទី២ បន្ទាប់ពីលោកបានមកដល់ទីក្រុងឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិកមួយនេះ​ ក្នុងឋានៈជាអគ្គកុងស៊ុលថ្មី ហើយពួកគេបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ​នៅក្នុងផ្នែកសំខាន់ៗនានា។

លោកបាននិយាយដោយគូសបញ្ជាក់ ពីកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ នៃទីក្រុងសាន -​ ប្រានស៊ីស្កូ​ ជាមួយភាគីចិន​នៅក្នុងវិស័យមួយចំនួនដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវិស័យវប្បធម៌។ នៅក្នុងឋានៈរបស់លោក ជាអគ្គ​កុងស៊ុលចិនថ្មី លោក វ៉ាង បាននិយាយថា លោកនឹងខិតខំធ្វើការងារជាមួយ រដ្ឋាភិបាល​ទីក្រុង​សាន ប្រានស៊ីស្កូ ដែលដឹកនាំដោយលោកស្រី Breed ដើម្បីនាំយកកិច្ចសហប្រតិ​បត្តិការ​ជាក់ស្តែងនេះ​ទៅដល់កម្រិតថ្មីមួយ។

លោកស្រី Breed បាននិយាយថា ប្រទេសចិន គឺជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំមួយ របស់ទីក្រុងសានប្រានស៊ីស្កូ ហើយទីក្រុងនេះបានតភ្ជាប់នូវទំនាក់ទំនងដ៏សំខាន់ក្នុងការ​អភិវឌ្ឍភាព​ជាដៃគូរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។

លោកស្រីអភិបាលក្រុង​សានប្រានស៊ីស្កូបាននិយាយថា ជានិច្ចជាកាល លោកស្រី គឺ​បាន​​ត្រៀម​ខ្លួនរួចជាស្រេច​ ដើម្បីរក្សានូវកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយភាគីចិន​ ដោយ​ធ្វើការងាររួមគ្នា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរបស់ពួកគេ និងសម្រេច​បាននូវលទ្ធផលឈ្នះឈ្នះទាំងអស់គ្នា៕​ ​

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )