ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាមេរិក និងកូរ៉េខាងត្បូងទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ស្តីពីបញ្ហាកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ — ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការចេញសេចក្តីប្រកាស​របស់ទីក្រុងសេអ៊ូលពីកិច្ចចរចាអន្តរកូរ៉េកម្រិតកំពូលនាសប្តាហ៍ក្រោយនេះថា អាមេរិក និងកូរ៉េ​ខាងត្បូង គឺកំពុងធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធបំផុត ចំពោះការឆ្លើយតបរួមគ្នារបស់ពួកគេ ទៅ​កាន់ប្រទេសកូរ៉េខាជើង។
រដ្ឋាភិបាលទីក្រុងសេអ៊ូលបាននិយាយថា ភាគីទាំងពីរ​នឹងជួបប្រជុំគ្នានៅភូមិជាប់​ព្រំដែន ប៉ានមុន-ហ្សូម នាថ្ងៃចន្ទខាងមុខនេះ ដើម្បីពិភាក្សាគ្នាពីការអនុវត្ត នៃកិច្ចព្រមព្រៀងកិច្ច​ប្រជុំកំពូល​​កាលពីខែមេសាកន្លងទៅ និងការរៀបចំ​សម្រាប់ការតាមដានកិច្ចប្រជុំ ​រវាង​ប្រធា​នាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ិន​ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន​។

អ្នកនាំពាក្យក្រសួងការបរទេសមួយរូប បាននិយាយនៅក្នុងការឆ្លើយនឹងសារព័ត៌មាន​យន់ហាប់មួយថា យើងគឺស្ថិតនៅក្នុងកិច្ចទំនាក់ទំនងមួយយ៉ាងជិតស្និទ្ធបំផុត ជាមួយកូរ៉េខាង​ត្បូង​​អំពីការឆ្លើយតបដែលរួមគ្នារបស់យើងទៅនឹងកូរ៉េខាងជើង។

កិច្ចព្រមព្រៀងកាលពីខែមេសាកន្លងទៅ លោក គីម បានប្តេជ្ញាចិត្ត​ក្នុងការបញ្ចប់​ការធ្វើ​មិនឱ្យមាននុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ លោកបានអះអាង ដោយសន្យានៅក្នុងកិច្ចប្រជុំ​កំពូលជាប្រវត្តិសាស្រ្តមួយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែ​មិថុនា នៅប្រទេសសិង្ហបុរី៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )