ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

និមិត្តសញ្ញាខេត្តកំពង់ធំនឹងដាក់សុំការសម្រេចពីក្រសួងមហាផ្ទៃដើម្បីយកមកប្រើប្រាស់ជាផ្លូវការ

AKP កំពង់ធំ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ –និមិត្តសញ្ញានៃខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់លើលិខិតស្នាមជាផ្លូវការ របស់រដ្ឋបាល ខេត្ត បានទទួលការអនុម័តជាឯកឆន្ទ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ដើម្បីដាក់សុំការសម្រេចពីក្រសួងមហាផ្ទៃដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ។  

ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ​ មានប្រសាសន៍លើកឡើងថា នៅក្នុងរូបនិមិត្តសញ្ញានេះបានបង្ហាញរូបចំនួន៥ រួមមាន ១-រូបប្រាសាទយាយព័ន្ធ តួប៉មកណ្ដាល តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរ នាសតវត្សទី៧ ដែលមាននៅក្នុងតំបន់ប្រាសាទសំបូព្រៃគុក ខេត្តកំពង់ធំ ហើយតំណាងឱ្យជំនឿរបស់ខ្មែរសម័យបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា។២-រូបបដិមាតោ តំណាងឱ្យភាពអស្ចារ្យនៃសិល្បៈខ្មែរនាចុងសម័យចេនឡា នៅប្រាសាទតោ ក្នុងតំបន់ប្រសាទសំបូរព្រៃគុកនោះដែរ តំណាងឱ្យអំណាចអនុភាពខ្លាំងក្លាដើម្បីការពារសភាវៈអាក្រក់ទាំងពួង។ ៣-រូបសំណាកដំរីជាន់ខ្លា តំណាងឱ្យខេត្តកំពង់ធំដែលមានតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ហើយបានឆ្លុះបញ្ចាំងពីថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ ដែលសម្បូរទៅដោយព្រៃឈើ និងសត្វព្រៃជាដើម និងតំណាងឱ្យឈុតឆាកមួយក្នុងរឿងរាមកេរ្តិ៍ ៤-រូបគួរស្រូវតំណាងឱ្យភាពសម្បូរសប្បាយ និងភាពរុងរឿងនៃវិស័យកសិកម្ម ជាពិសេសភោគផលនៃដំណាំស្រូវនៅក្នុងខេត្តកំពង់ធំ។៥-ដើមឈើ តំណាងឱ្យការរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសម្បូរទៅដោយដីមានជីជាតិអំណោយផលដល់ដំណាំកសិកម្ម និងកសិឧស្សាហកម្ម។ ខ្សែបូរខាងក្រោមមានអក្សរខេត្តកំពង់ធំមានពណ៌ក្រហមក្រម៉ៅដែលតំណាងឱ្យវប្បធម៌ចង់បង្ហាញថា ខេត្តកំពង់ធំជាខេត្តនៃវប្បធម៌ផងដែ៕

ដោយ ស៊ុម វណ្ណា