ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាឈ្នះមេដាយសំរឹទ្ធិ១វិញ្ញាសា សម្រាប់ថ្ងៃបើកឆាក​ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨–កីឡាវ៉ូវីណាមកម្ពុជាបានឈ្នះមេដាយសំរឹទ្ធិទី១របស់ខ្លួន នៅថ្ងៃបើកឆាក នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងព្រឹត្តិការណ៍ជើងឯកវ៉ូវីណាម អាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ ២០១៨ នៅទីក្រុងណៃពិដោ ប្រទេស មីយ៉ាន់ម៉ា។

លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP ឱ្យដឹងពីប្រទេសមីយ៉ាន់ម៉ា តាមរយៈសារអេឡិចត្រូនិកថា បន្ទាប់ពី ធ្វើពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា នេះ គឺក្រុមអត្តពលិកកម្ពុជា ចំនួន១០នាក់ ត្រូវប្រកួតលើ៥វិញ្ញាសា ដោយវិញ្ញាសាដែលបានបញ្ចប់មុនគេនេះ គឺ ជាវិញ្ញាសាម្នាក់ការពារ ជាមួយបុរស៣នាក់មានអាវុធ ដោយកម្ពុជាឈ្នះមេដាយសំរឹទ្ធិ ដែលដណ្តើមបានដោយ កីឡាករ ជិន ពិសិដ្ឋ, សាន សុជាតិ, ជ្រឹន ប៊ុនឡុង និងស៊ិន សេងហុង ខណៈម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ឈ្នះមេដាយមាស និងម្ចាស់ក្បាច់គុន វៀតណាម ឈ្នះមេដាយប្រាក់ លើប្រភេទ វិញ្ញាសាមួយនេះ។

ចំពោះវិញ្ញាសាផ្សេងៗទៀត ត្រូវប្រកួតនៅល្ងាចថ្ងៃទី០៩ ខែសីហា នេះដែរ គឺមានវិញ្ញាសាសម្តែង៤នាក់ ក្នុងនោះ មាននារីម្នាក់ និងប្រុស៣នាក់ មានកាន់អាវុធ និងកៅអី, វិញ្ញាសាប្រយុទ្ធលើប្រភេទទម្ងន់៤២គីឡូក្រាម, ៤៨គីឡូក្រាម, ទម្ងន់៥២គីឡូក្រាម និងមេគុន ដំបង។

សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ គឺក្នុង១ថ្ងៃៗត្រូវប្រកួតជម្រុះ នៅពេល​ព្រឹក ហើយនៅពេល ល្ងាចត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងការរៀបចំពិធី​បំពាក់មេដាយ តែម្តង។ ការប្រកួតនេះ មានប្រទេសក្នុង តំបន់ចូលរួមចំនួន៨ រួមមាន៖ កម្ពុជា វៀតណាម ឡាវ ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ទីម័រខាងកើត និងម្ចាស់ផ្ទះ មីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបាន​បញ្ជូនអត្តពលិក របស់ខ្លួនចំនួន១៨នាក់ ក្នុងនោះកីឡាករ ១២នាក់ និងកីឡាការិនី៦នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយ និងប្រតិភូសរុបចំនួន២៨នាក់ ដោយត្រូវប្រកួតលើ២៩វិញ្ញាសា៕


ដោយ ហេង ណាលីន