ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

យោធាហ្វីលីពីនបាញ់សម្លាប់ពួកភេរវជន២នាក់នៅហ្វីលីពីនភាគខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ — កងកម្លាំងហ្វីលីពីនបានបាញ់សម្លាប់ពួកភេរវជន២នាក់កាលពីថ្ងៃពុធ ដែលគេចោទប្រកាន់ថា កាន់គ្រាប់បែកកែច្នៃ ( IED ) មួយគ្រាប់នៅ North Cotabato ជាខេត្តមួយនៅក្នុងប្រទេសហ្វីលីពីនភាគខាង ត្បូង ។
អ្នកនាំពាក្យយោធាក្នុងស្រុកលោក Arvin Encinas បាននិយាយថា អ្នកកាន់គ្រាប់បែកទាំងពីរនាក់ដែលជិះនៅលើម៉ូតូមួយគ្រឿងបានប៉ុនប៉ងដឹកជញ្ជូន IED នេះប៉ុន្តែត្រូវបានគេបញ្ឈប់នៅឯចំណុចឆែកឆេរយោធាមួយសម្រាប់ការត្រួតពិនិត្យ ។
លោក Encinas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលកងទ័ពចូលទៅជិតដើម្បី ឆែកឆេរ ពួកគេអ្នកទាំងពីរនោះបានប៉ុនប៉ងគេចខ្លួន ហើយជនសង្ស័យម្នាក់បានដកកាំភ្លើង និងបាញ់ទៅលើកងទ័ព ។

លោក Encinas បាននិយាយថា រឿងនេះបានធ្វើឱ្យកងទ័ពបាញ់បកទៅវិញដោយសម្លាប់ជនទាំងពីរនាក់នេះនៅនឹងកន្លែង ។
លោកបាននិយាយបន្ថែមថា កងទ័ពបានរកឃើញកាំភ្លើងខ្លីមួយដើម និង IED មួយគ្រាប់នៅខាងក្នុងថង់ក្រដាស់មួយពីមនុស្សទាំងពីរនាក់នេះដែលគេជឿថា ជាសមាជិករបស់ពួកយុទ្ធជនសេរីភាពអ៊ីស្លាម Bangsamoro ( B1FF ) ។

អ្នកនាំពាក្យយោធានោះបាននិយាយបន្ថែមថា អ្នកកាន់គ្រាប់បែកទាំងពីរនាក់នេះកំពុងព្យាយាមគ្រោងធ្វើការវាយប្រហារភេរវកម្មដោយការបំផ្ទុះគ្រាប់បែកនៅក្នុង North Cotabato ។ សមាជិក B1FF ភាគច្រើនជាអតីតសមាជិក ដែលមានការមិនពេញចិត្តរបស់ក្រុមដ៏ធំគឺរណសិរ្សរំដោះអ៊ីស្លាមម៉ូរ៉ូ (MILF ) ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាល។

B1FFត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដោយមេបញ្ជា MILF លោក Ameril Umbra Kato ដែលបានស្លាប់ដោយគាំងបេះដូងក្នុងឆ្នាំ ២០១៥ ។ តាមរដ្ឋាភិបាលនិងយោធាហ្វីលីពីនឱ្យដឹងថា មានពួកភេរវជន B1FF រហូតដល់ ៤០០នាក់ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង ។ B1FF គឺស្ថិតនៅក្នុងចំណោមក្រុមប្រដាប់អាវុធនៅមីនដាណាវ ដែលបានសន្យាស្មោះត្រង់ចំពោះរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងស៊ីរី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )