ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងផែនការបន្តពិភាក្សាតារាងអាទិភាពវិភាគទិន្នន័យជំរឿនទូទៅប្រជាជនឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា៖ ដោយ លោក លី ចន្ថា៖

ក្រសួងផែនការបន្តពិភាក្សាជាមួយភាគីពាក់ព័ន្ធលើតារាងអាទិភាពវិភាគទិន្នន័យជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ ដើម្បីប្រមូលធាតុចូលសំខាន់ៗមួយចំនួនទៀតសំដៅធើ្វអោយលទ្ធផល ជំរឿនកាន់តែមានភាពសុក្រឹត្យ ត្រឹមត្រូវ។

ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការក្រសួងផែនការមានប្រសាសន៍ថា តារាងអាទិភាពវិភាគទិន្នន័យផ្សេងៗនេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបម្រើអោយតម្រូវការក្នុងការប្រើប្រាស់ទិន្នន័យឱ្យកាន់តែមានភាពទូលំទូលាយគ្រប់វិស័យ និងឆ្លើយតបតាមសំណូមពរចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយ ការអនុវត្តគម្រោង និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការមានប្រសាសន៍ថា ការពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធលើតារាងអាទិភាពវិភាគទិន្នន័យជំរឿនទូទៅប្រជាជនឆ្នាំ២០១៩នេះមានស្ថាប័នថ្នាក់ជាតិចូលរួមចំនួន៧០ស្ថាបន័។

លោកជំទាវបញ្ជាក់ថា ជំរឿនឆ្នាំ២០១៩ខាងមុខនេះ អាចមានតារាងជំរឿនរហូងដល់ជាង៧ម៉ឺនតារាង គឺមានការកើនឡើងជាងពីកាលជំរឿនឆ្នាំ២០០៨ ហើយចំនួននេះក៏បានកើនឡើងច្រើន៦ដងពីតារាងអាទិភាពដែលបានបង្កើតឡើងក្នុងជំរឿនឆ្នាំ១៩៩៨។

សូមបញ្ជាក់ថា កម្ពុជាបានធ្វើជំរឿនទូទៅប្រជាជនបានចំនួន៣លើករួចមកហើយគឺលើកទីមួយនៅឆ្នាំ១៩៦២ លើកទីពីរនៅឆ្នាំ១៩៩៨ និងលើកទីបីនៅឆ្នាំ២០០៨។ ជាមួយគ្នានេះកម្ពុជាគ្រោងធ្វើជំរឿនប្រជាជនលើកទី៤នៅឆ្នាំ២០១៩ខាងមុខនេះ ក្នុងគោលបំណងដើម្បីប្រមូលប្រភពទិន្នន័យពិតប្រាកដមួយសំដៅយកទៅប្រើប្រាស់សម្រាប់ការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចជាតិនៅកម្ពុជា៕