ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប សម្រេចកែសម្រួលការពិន័យចំពោះបុគ្គល៥នាក់ ក្រោមបទចោទប្រកាន់ធ្វើចលនាបំផុសប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ក្រុមប្រឹក្សាជំនុំជម្រុះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចកែសម្រួលការពិន័យចំពោះបុគ្គល៥នាក់ ក្រោមបទចោទប្រកាន់ធ្វើចលនាបំផុសប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត តាមរយៈលើម្រាមដៃស្អាត បន្ទាប់ពីបានស្តាប់អង្គហេតុរបស់ភាគីគូបដិបក្ខ។

ឯកឧត្តម ស៊ិក ប៊ុនហ៊ុក ប្រធានក្រុមប្រឹក្សាជំនុំជម្រុះគ.ជ.ប នៅរសៀលថ្ងៃទី៨ ខែសីហានេះ បានសម្រេចដោយបន្ថយការពិន័យជាប្រាក់ទៅលើឈ្មោះលោក ថោង សារឿន និងលោក គ្រុយ គឹមសាំង ក្នុងម្នាក់ៗ ចំនួន៥លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត និងលើកលែងការពិន័យទៅលើលោក ម៉ាង ឈុន និងលោក ពៅ តាំង ខណៈលោក ជា ជីវ លោក នៅតែស្ថិត ក្នុងការពិន័យជាប្រាក់១០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតដដែល។

ការសម្រេចនេះ ធ្វើឡើងក្រោយពីពិនិត្យលើអង្គហេតុដែលបង្ហាញដោយមេធាវីដើមបណ្តឹងជំទាស់និងជាចុងចម្លើយ ជាមួយនឹងមេធាវីចុងបណ្តឹងជំទាស់និងជាដើមបណ្តឹងនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង នាទីស្តីការគ.ជ.ប កាលពីព្រឹកថ្ងៃដដែលនេះ។

ឯកឧត្តម ស៊ិក ប៊ុនហ៊ុក មានប្រសាសន៍ថា ដើមបណ្តឹងជំទាស់ឱ្យកូនក្តីអាចបន្តការប្តឹងតវ៉ាទៅ ក្រុមប្រឹក្សាធម្មនុញ្ញតាមកំណត់នៃច្បាប់។

លោក សំ សុគង់ មេធាវីតំណាងដោយអាណត្តិការពារក្ដីឱ្យចុងចោទទាំង៥នាក់ បានប្រាប់អ្នកសារព័ត៌មានថា មិនមានអង្គហេតុ និងអង្គច្បាប់ ដែលអាចធ្វើការចោទប្រកាន់កូនក្តីរបស់ខ្លួននោះទេ ដោយសារតែវាមិនមែនជាប្រភេទបទល្មើសជាក់ស្ដែង ដែលបង្ហាញថា អ្នកទាំង៥នោះ ធ្វើសកម្មភាពរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យទៅចូលរួមបោះឆ្នោតដូចការចោទប្រកាន់។ លោកថា នឹងប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញបន្តទៀត។

គួររំឭកថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានពិន័យទៅលើបុគ្គលចំនួន៥នាក់ ក្នុងម្នាក់ៗ ចំនួន១០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ពីបទធ្វើឱ្យភាន់ច្រលំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ដោយយោងតាមមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

បុគ្គលទាំង៥នាក់នេះ បានធ្វើសកម្មភាពលើម្រាមដៃស្អាតនៅក្នុងពិធីជួបជុំសហសេវិកអតីត គណបក្សសង្គ្រោះជាតិ ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ កាលថ្ងៃទី១៩ ខែកក្កដា រួចបន្តង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម៕