ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងត្បូងសង្ឃឹមទុកជាមុនថា នឹងមានជំនួយមនុស្សធម៌ កើនឡើងសម្រាប់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ –តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការអន្តរកូរ៉េសង្ឃឹមទុកជាមុនថា នឹងមានជំនួយមនុស្សធម៌កើនឡើងសម្រាប់កូរ៉េខាងជើង នៅក្រោមគោលការណ៍ណែនាំថ្មីរបស់ អ.ស.ប ។
មន្ត្រីក្រសួងម្នាក់ដែលគេមិនប្រាប់ឈ្មោះ បានប្រាប់ពួកអ្នកយកព័ត៌មានក្នុងស្រុកពីថ្ងៃអង្គារនេះថា គេសង្ឃឹមទុកជាមុនថា គោលការណ៍ណែនាំថ្មី អ.ស.ប នឹងក្លាយទៅជាឱកាសមួយដើម្បីដោះស្រាយការលំបាកសម្រាប់ជំនួយមនុស្សធម៌ទៅឱ្យកូរ៉េខាងជើង ព្រមទាំងជួយសម្រួលដល់ជំនួយរបស់សហគមអន្តរជាតិដល់កូរ៉េខាងជើង ។
អត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានអនុម័តនូវសំណើមួយរបស់ ស.រ.អា ដើម្បីជួយសម្រួលដល់ជំនួយមនុស្សធម៌សម្រាប់កូរ៉េខាងជើងកាលពីថ្ងៃចន្ទ ។

កាលពីក្នុងខែកញ្ញាឆ្នាំកន្លងទៅកូរ៉េខាងត្បូង បានគ្រោងផ្តល់ប្រាក់ ៨លានដុល្លារសម្រាប់កម្មវិធីស្បៀងអាហារពិភពលោក និងមូលនិធិកុមារ អ.ស.ប UNICEF ដែលនឹងចំណាយប្រាក់ទៅលើម្តាយនិងទារកដែលទទួលអាហារមិនគ្រប់គ្រាន់ក្នុងប្រទេសកូរ៉េខាងជើង ។

តែយ៉ាងណាក៏ដោយគម្រោងនេះត្រូវបានគេបញ្ឈប់នៅពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ដែលបង្កឡើងដោយការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីល របស់កូរ៉េខាងជើង ។ នៅពេលដែលភាពធូរស្រាលបានលេចឡើងនៅលើឧបទ្វីបនេះជាមួយកិច្ចប្រជុំកំពូលរបស់កូរ៉េខាងជើងជាមួយកូរ៉េខាងត្បូង និង ស.រ.អា នោះ ក្រុងសេអ៊ូលត្រូវបានគេបង្ខំឱ្យបន្តឡើងវិញគម្រោងជំនួយមនុស្សធម៌សម្រាប់ក្រុងព្យុងយ៉ាងនៅក្រោមគោលការណ៍ណែនាំថ្មី អ.ស.ប ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )