ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងការបរទេសរុស្ស៊ីអះអាងឡើងវិញអំពីការប្តេជ្ញាចិត្ត ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃអង្គារ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើទីក្រុងតេអេរ៉ង់ថា ផែនការរួមនៃផែនការសកម្មភាព (JCPOA) សម្រាប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺមានភាពរឹងមាំគ្រប់គ្រាន់ ហើយអ្នកចូលរួមនៅក្នុងផែនការនេះ មានសមត្ថភាពដោះស្រាយភាពលំបាកនាពេលបច្ចុប្បន្នបាន។
សេចក្ដីថ្លែងការណ៍នេះបាននិយាយថា«យើងមានទំនុកចិត្តថា JCPOA មានភាពរឹងមាំគ្រប់គ្រាន់»។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយបន្ថែមថា «អ្នកចូលរួមនៅក្នុងកិច្ចព្រមព្រៀងនេះ មានលទ្ធភាពជម្នះឧបសគ្គដែលកំពុងកើតមានឡើង។យើងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះJCPOA»។

ក្រសួងនេះបានចង្អុលបង្ហាញថា ទីក្រុងមូស្គូនឹងធ្វើអ្វីគ្រប់យ៉ាងចាំបាច់ដើម្បីរក្សា និងអនុវត្តន៍ឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា «យើងបានចាត់វិធានការនៅថ្នាក់ជាតិ ដើម្បីការពារផ្នែកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយប្រទេសអ៊ីរ៉ង់។

យើងក៏បានបន្តធ្វើការងារជាមួយអ្នកចូលរួមដែលមានទំនួលខុសត្រូវផ្សេងៗទៀតនៅក្នុង JCPOA ក្នុងការបង្កើតសេចក្តីសម្រេចចិត្តរួមគ្នាមួយ ក្នុងគោលបំណងបំពេញនូវភារកិច្ចនៃការថែរក្សា និងជំរុញពាណិជ្ជកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុជាមួយនឹងអ៊ីរ៉ង់ ដែលត្រូវបានកំណត់ដោយរដ្ឋមន្ត្រីការបរទេសនៃភាគីនានានៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំថ្ងៃទី ៦ ខែកក្កដា របស់គណៈកម្មការចម្រុះរបស់ JCPOA។ យើងជឿជាក់ថា ការងារនេះស្របទៅនឹងផលប្រយោជន៍របស់សហគមន៍អន្តរជាតិទាំងមូល»៕

( ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)