ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ត្រាំ ថា អ្នកណាមួយដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ នឹងមិនឱ្យមានចំណងទាក់ទងពាណិជ្ជកម្មជាមួយអាមេរិកទេ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ — ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump ) បាននិយាយនៅក្រុងវ៉ាស៊ីងតោនពីថ្ងៃអង្គារថា អ្នកណាមួយដែលធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់ នឹងមិនអនុញ្ញាតឱ្យរក្សានូវចំណងទាក់ទងពាណិជ្ជកម្មជាមួយ ស.រ.អា ទេ ។
លោក ត្រាំ បាននិយាយទណ្ឌកម្មអ៊ីរ៉ង់ នឹងត្រូវគេដាក់ជាផ្លូវការ ។ នេះគឺជាទណ្ឌកម្មយ៉ាងមុតមាំ បំផុតដែលមិនធ្លាប់មានដែលបានដាក់ហើយនៅក្នុងខែវិច្ឆិកា ទណ្ឌកម្មនេះនឹងបង្កើនទៅដល់កម្រិតមួយទៀត ។ លោកបានព្រមានថា អ្នកណាមួយដែលធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់នឹងមិនមានការធ្វើ ពាណិជ្ជកម្មជាមួយ ស.រ.អា ទេ ។

ការកត់សម្គាល់នេះធ្វើឡើងនៅពេលដែលក្រុមដំបូងនៃទណ្ឌកម្មដែល ស.រ.អា បានដាក់ឡើងវិញលើប្រទេសអ៊ីរ៉ង់បានចូលជាធរមាន​ទាំងស្រុងកាលពីថ្ងៃអង្គារនេះ ។ សកម្មភាព ស.រ.អា ទាំងនេះ នឹងផ្តោតទៅលើការទិញរបស់ក្រុងតេហេរ៉ង់នូវ​ Banknotes ស.រ.អា , ពាណិជ្ជកម្មមាននឹងលោហធាតុ ដែលមានតម្លៃដទៃទៀតក៏ដូចជាការប្រើហ្គ្រាហ្វីត , អាលុយមីញ៉ូម , ដែកថែម , ធ្យូងថ្ម និង Software ដែលប្រើនៅក្នុងដំណើរការឧស្សាហកម្ម ។

ទណ្ឌកម្មទាំងនេះ ក៏នឹងប៉ះពាល់ផងដែរដល់កិច្ចការជំនួញដែលទាក់ទងដល់រូបិយវត្ថុអ៊ីរ៉ង់​, ការចេញបំណុលដែលមានអធិបតេយ្យភាព ( Sovereigndebts ) ហើយនិងផ្នែករថយន្តរបស់ប្រទេសនេះ ។ ទណ្ឌកម្មមួយទៀតដែលគេនឹងដាក់ឡើងវិញនៅថ្ងៃទី៥ ខែវិច្ឆិកានោះ នឹងមានទៅលើកំពង់ផែរបស់អ៊ីរ៉ង់, ថាមពល , ផ្នែកដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការស្ថាបនានាវា , កិច្ចការជំនួញ ដែលទាក់ទងដល់ ប្រេងរបស់ខ្លួន ​ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មធ្វើឡើងដោយស្ថាប័នហិរញ្ញវត្ថុបរទេសជាមួយធនាគារកណ្តាលអ៊ីរ៉ង់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )