ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នៅរសៀលម៉ោង៣នេះ ក្រុមប្រឹក្សាជំនុំជម្រុះគ.ជ.ប នឹងប្រកាសលទ្ធផលពាក់ព័ន្ធបណ្តឹងជំទាស់ស្តីពីយុទ្ធនាការម្រាមដៃស្អាត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ឯកឧត្តម ស៊ិក ប៊ុនហ៊ុក ប្រធានក្រុមប្រឹក្សាជំនុំជម្រុះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា បណ្តឹងជំទាស់នឹងសេចក្តីសម្រេចលេខ០០១ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដែលសម្រេចយល់ព្រមតាមដើមបណ្តឹង ដោយពិន័យជាប្រាក់ទៅលើបុគ្គលចំនួន៥នាក់ ពាក់ព័ន្ធយុទ្ធនាការម្រាមដៃស្អាត ដែលបំផុសប្រជាពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃ ទី២៩ ខែកក្កដា នឹងត្រូវប្រកាសលទ្ធផលនៅរសៀលម៉ោង៣ ថ្ងៃទី៨ ខែសីហានេះ។

ក្រុមប្រឹក្សាជំនុំជម្រុះនៃគ.ជ.ប នៅថ្ងៃទី៨ ខែសីហានេះ បានបើកសេចក្តីស្តាប់អង្គហេតុរបស់ ភាគីដើមបណ្តឹងជំទាស់និងជាចុងចម្លើយ និងភាគីចុងបណ្តឹងជំទាស់ និងជាដើមបណ្តឹងនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីប្រមូលសក្ខីកម្មនានា ស្តីពីការធ្វើសកម្មភាពរារាំង ឬបំផុសមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃ ទី២៩ ខែកក្កដាកន្លងទៅនេះ។

បុគ្គលទាំង៥រូបដែលគេស្គាល់ថា ជាអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ មាន៖ លោក ជា ជីវ លោក ថោង សារឿន លោក ម៉ាង ឈុន លោក ពៅ តាំង និងលោក គ្រុយ គឹមសាំង ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ សម្រេចពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន១០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត តាមបណ្តឹងដើមបណ្តឹង របស់សកម្មជនគណបក្សប្រជាជនកម្ពុជា៕