ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តមណ្ឌលគិរីផ្តល់ថវិកាដល់ខេត្តក្រចេះក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ទន្លេមេគង្គ

AKP ក្រចេះ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ -រដ្ឋបាលខេត្តមណ្ឌលគិរី បាននាំយកនូវថវិកាចំនួន ២៨.៥០០.០០០រៀល និង ៨.១០០ ដុល្លារអាម៉េរិក មកប្រគល់ជូនដល់រដ្ឋបាលខេត្តក្រចេះ ជាការរួមចំណែកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ទន្លេមេគង្គ កាលពីរសៀលថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ។
ឯកឧត្តម ស្វាយ សំអៀង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធាន     គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តមណ្ឌលគិរី បានសម្តែងការចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋខេត្តក្រចេះដែលទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ នៅក្នុងខែកក្កដានិងខែសីហា ឆ្នាំ២០១៨នេះ ។  ឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានអំពីកាលិចលង់នេះ រដ្ឋបាលខេត្ត ស្រុក ក្រុង និងកាកបាទ ក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានកៀរគររកថវិកាដើម្បីផ្តល់ជូនដល់រដ្ឋបាលខេត្តក្រចេះ ក្នុងការចាត់ចែងជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គបច្ចុប្បន្ននេះ ។
ឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម ស្វាយ សំអៀង អភិបាលនៃគណៈអភិបាលខេត្ត និងគណៈ ប្រតិភូខេត្តមណ្ឌលគិរី ដែលបានផ្តល់ជាថវិកា ដល់រដ្ឋបាលខេត្តក្រចេះក្នុងការចាត់ចែងជួយ សង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ទន្លេមេគង្គក្នុងពេលបច្ចុប្បន្ននេះ ។  ឯកឧត្តមអភិបាលខេត្តក្រចេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស្វាយ សំអៀង រួមនឹង   គណៈប្រតិភូអមដំណើរ ក៏ដូចជារដ្ឋបាលខេត្តមណ្ឌលគិរីទាំងមូល ដែលបានយកចិត្តទុកដាក់គិតគូរផ្តល់ថវិកាដល់រដ្ឋបាលខេត្តក្រចេះ ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គនាពេលនេះ ៕

ដោយ  ជួន សុជាតិ