ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមហ៊ុនចិន មកវិនិយោគតំបន់រមណីដ្ឋានបែបធម្មជាតិ នៅជាយរាជធានីភ្នំពេញ ដើម្បីបម្រើដល់វិស័យទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨–អ្នកវិនិយោគិនចិន មកវិនិយោគតំបន់រមណីដ្ឋានបែបធម្មជាតិ ដែលបម្រើដល់វិស័យទេសចរណ៍ ដើម្បីជួយបង្កើនចំនួនភ្ញៀវទេសចរ មកកម្សាន្តនៅជាយរាជធានីភ្នំពេញ។

លោក វណ្ណារិទ្ធ មន្ត្រីផ្នែកទីផ្សារនៃគម្រោងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ (Prince Manor Resort) បានលើកឡើងថា មជ្ឈមណ្ឌលកម្សាន្តថ្មីនេះ គឺនឹងអាចចូលរួម ចំណែកឆ្លើយ​តបទៅ​នឹងតម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅកម្សាន្ត បាននាថ្ងៃឈប់សម្រាក។

លោកបញ្ជាក់ថា មជ្ឈមណ្ឌលកម្សាន្តនេះ ជាប្រភេទគោលដៅទេសចរណ៍បែប អេកូឡូស៊ី ដែលរួមមានទាំង សួនកម្សាន្តកុមារ រមណីដ្ឋានទេសចរណ៍បែបកសិកម្មទំនើប សួនកម្សាន្ត ក្នុងព្រៃ និងមានបង្ហាញនូវផ្ទាំងសិល្បៈគំនូរលើជញ្ជាំងប្រវែង១គីឡូម៉ែត្រ ដែលជាគំនូរជញ្ជំង ដ៏វែងជាងគេនៅក្នុងតំបន់អាស៊ីផងដែរ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរកម្ពុជា បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសភ្ញៀវទេសចរចិន ដែលនឹងមកទស្សនានៅកម្ពុជា អាចនឹងកើនរហូតដល់២លាននាក់បន្ថែមនោះ រាជធានីភ្នំពេញ និងខេត្តដែលមានសក្ដានុពលផ្សេងទៀត បាននិងកំពុងរៀបចំ និងអភិវឌ្ឍន៍រមណីដ្ឋានបែប​វប្បធម៌ និងធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក។

លោកជំទាវបន្តថា យើង ចង់ឃើញភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជា មិនត្រឹមតែទស្សនាត្រឹមតែប្រាង្គ ប្រាសាទប៉ុណ្ណោះទេ តែយើងគួររៀបចំយ៉ាងណា ឱ្យមានកន្លែងកម្សាន្តថ្មីៗ បានច្រើន ដើម្បី អាចទាញចំណូលឱ្យបានច្រើនពីវិស័យទេសចរណ៍។

គួរបញ្ជាក់ថា មជ្ឍមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងជាប់បណ្ដោយមាត់ទន្លេ មេគង្គក្រោម ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដោយគម្រោងនេះសាងសង់ ឡើងនៅ លើផ្ទៃដីជាង១៣ហិកតា ដែលនឹងបើកជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ៕

ដោយ ម៉ៅ ចរិយា