ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កីឡាករ-កីឡាការិនីវ៉ូវីណាមរំពឹងឈ្នះមេដាយពីព្រឹត្តិការណ៍ជើង ឯកអាស៊ីអាគ្នេយ៍ នៅប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨–ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជាចំនួន១៨នាក់ បានចេញទៅបំពេញបេសកកម្មស្វែងរក មេដាយមកជូនជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើក ទី​៥ នៅប្រទេសមីយ៉ាន់ម៉ា ដែលនឹងត្រូវប្រកួតនាថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៨ នេះ ជាមួយនឹងក្តីរំពឹងខ្ពស់ក្នុងការឈ្នះមេដាយយកមកជូនជាតិផងដែរ។

លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជាបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះថា ការចេញ​ទៅចូលរួមជើងឯកអាស៊ីអាគ្នេយ៍លើកនេះ គឺក្រុមប្រតិភូកម្ពុជាសរុបមានចំនួន២៨នាក់ ក្នុងនោះ មានកីឡាករ១២នាក់ កីឡាការិនី៦នាក់ រួមទាំងគ្រួបង្វឹក គ្រូជំនួយ និងប្រតិភូ ព្រមទាំងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយក្រសួងអប់រំជាអ្នកឧបត្ថម្ភប្រាក់ហោប៉ៅ និងសហព័ន្ធជាអ្នកចំណាយលើសំបុត្រយន្តហោះ និងការធានារ៉ាប់រងលើការស្នាក់នៅហូប ចុកដោយខ្លួនឯង។

អត្តពលិក កម្ពុជាត្រៀមប្រកួតលើ២៩វិញ្ញាសា ក្នុងនោះមានវិញ្ញាសា ប្រយុទ្ធបុរសនារី, មេគុនបុរសនារី, សម្តែងបុរសនារី និងក្បាច់ ការពារខ្លួនបុរសនារី។

លោកជឿជាក់ថា បន្ទាប់ពីការប្រមូលផ្តុំហ្វឹកហាត់ត្រៀមអស់រយៈពេលជាច្រើនខែមក អត្តពលិករបស់លោកបានប្តេជ្ញាចិត្តរួមគ្នាថានឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើម​មេដាយពីព្រឹត្តិការណ៍អន្តរជាតិកម្រិតតំបន់មួយនេះយកមកជូនជាតិជាក់ជាមិនខាន។

ជាមួយគ្នានោះ លោកក៏បានសម្តែងនូវក្តីព្រួយបារម្ភផងដែរ ដោយសារម្ចាស់ក្បាច់គុនដើម វ៉ូវីណាម គឺអត្តពលិកមកពីប្រទេសវៀតណាម ក៏ចូលរួមក្នុងការប្រកួតនេះដែរ ហើយយើង​ត្រូវប្រជែងជាមួយម្ចាស់ផ្ទះ មីយ៉ាន់ម៉ាទៀត ដែលត្រូវទៅដណ្តើមពីគេ​ ម្យ៉ាងទៀតលើកនេះ កម្ពុជាមិនបានបញ្ជូនអាជ្ញាកណ្តាល និងចៅក្រមឱ្យចូលរួមក្នុងគណៈ កម្មការកាត់សេចក្តី​នោះឡើយ ដោយចំណុចទាំងអស់នេះគឺជាឧបសគ្គធំរបស់កម្ពុជា។

តែទោះយ៉ាងនេះក្តី ប្រតិភូដឹកនាំរូបនេះក៏បានបង្ហាញនូវក្តីរំពឹងខ្ពស់ដែរ នៅក្នុងការដណ្តើម​មេដាយ ក្នុងកម្រិតណាមួយ ដោយសារវ៉ូវីណាមកម្ពុជា គឺប្រភេទកីឡាសក្តានុពលខ្ពស់មួយ ដែលធ្លាប់ដណ្តើមបានមេដាយមារហូតដល់៤គ្រឿង កាលពីជើងឯកពិភពលោក នៅប្រទេសឥណ្ឌា កាលពីកន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ថា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៨នេះមាន ប្រទេសចូលរួមចំនួន៨ រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ ឥណ្ឌូណស៊ី ហ្វីលីពីន ទីម័រខាងកើត និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា៕

ដោយ ហេង ណាលីន