ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសអារ៉ាប៊ីសាអូឌីតបណ្តេញឯកអគ្គរដ្ឋទូតកាណាដា ព្រមទាំងបង្កកចំណងទាក់ទងពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីតរាយការណ៍ថា កាលពីថ្ងៃចន្ទប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ជា ឱ្យឯកអគ្គរដ្ឋទូតប្រទេសកាណាដាចាកចេញពីរាជាណាចក្រនេះ ក្នុងពេល២៤ម៉ោង ព្រមទាំងបាននិយាយ ថា ខ្លួនកំពុងហៅឯកអគ្គរាជទូតរបស់ខ្លួននៅកាណាដា ឱ្យត្រឡប់មកវិញបន្ទាប់ពីការរិះគន់របស់ប្រទេស កាណាដាចំពោះការចាប់ខ្លួនពួកសកម្មជនសិទ្ធិស្តី្ររបស់ខ្លួន កាលពីពេលថ្មីៗនេះ ។
ក្រសួងការបរទេសប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឯកអគ្គ រដ្ឋទូតកាណាដា នៅអារ៉ាប៊ីសាអូឌីត លោក ដេនីស ហូរ៉ាក់់ ( Dennis Horak ) ជាមនុស្សដែលគេមិនត្រូវការហើយត្រូវចាកចេញពីប្រទេសនេះ ក្នុងពេល២៤ម៉ោង។

ក្រសួងនេះបាននិយាយថា ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតនៅកាណាដា លោក ណាអ៊ីហ្វ ប៊ីន បានដាអាល់-ស៊ូដៃរី ( Naif bin Bandar Al-Sudari ) នឹងត្រូវគេហៅឱ្យត្រឡប់មកវិញ ហើយរាជាណាចក្រនេះ នឹងបង្កកកិច្ចការពាណិជ្ជកម្ម និងវិនិយោគថ្មីទាំងអស់ជាមួយប្រទេសកាណាដា ​ដោយឡែករក្សាទុក សិទ្ធិរបស់ខ្លួន ដើម្បីចាត់ការថែមទៀត ។

សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប្រទេសកាណាដា លោក Chrystia Freeland ព្រមទាំងពួកអ្នកការទូតដទៃទៀត បានរិះគន់ការចាប់ខ្លួនពួកសកម្មជនសិទ្ធិស្ត្រីកាលពីពេលថ្មីៗនេះ របស់ ប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងបានស្នើឱ្យមានការដោះលែងពួកគេជាបន្ទាន់ ។

ពួកអាជ្ញាធរអារ៉ាប៊ីសាអូឌីត បាននិយាយថា ការធ្វើអត្ថាធិប្បាយនេះ គឺឥតមានមូលហេតុព្រោះ ការចាប់ខ្លួននេះត្រូវបានគេធ្វើឡើងស្របទៅតាមច្បាប់។គេក៏បានហៅការរិះគន់របស់ប្រទេសកាណាដាថា ជាការជ្រៀតជ្រែកមួយនៅក្នុងកិច្ចការក្នុងស្រុករបស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)