ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការត្រៀមរៀបចំសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ៦ ខែសីហា គណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន(WEF ASEAN) បានរៀបចំកិច្ចប្រជុំលើកទី ៤ របស់ខ្លួននៅទីក្រុងហាណូយ ដើម្បីពិនិត្យមើលឡើងវិញនូវការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ដែលគ្រោងទុកចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ខាងមុខនេះ។
អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍ លោក Bui Thanh Son និងជាប្រធានគណៈកម្មាធិការបាននិយាយថា វេទិកានេះ គឺជាសកម្មភាពដ៏សំខាន់មួយក្នុងចំណោមសកម្មភាពខាងក្រៅប្រទេសសំខាន់ៗនៅក្នុងឆ្នាំ ២០១៨ ។ លោកបានបញ្ជាក់ថា មកទល់ពេលនេះ មេដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសក្រៅប្លុក ក៏ដូចជាអ្នកតំណាងមកពីអង្គការអន្តរជាតិសំខាន់ៗ និងក្រុមនាំមុខជាច្រើនបានបញ្ជាក់ថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។

លោកបានអំពាវនាវដល់អនុគណៈកម្មាធិការ ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីបញ្ចប់ការរៀបចំវេទិកានេះនៅក្នុងខែសីហា ដើម្បីធានានូវជោគជ័យដ៏ធំធេងរបស់ខ្លួន។ មន្ត្រីរូបនេះបានស្នើដល់សមាជិកនៃគណៈកម្មាធិការរៀបចំ រួមមានតំណាងមកពីទីក្រុងហាណូយ ទីក្រុងហូជីមិញ ខេត្តដាណាង និងខេត្តគួងនិញ ឱ្យចាប់យកឱកាសនេះដើម្បីលើកកម្ពស់សក្តានុពលអភិវឌ្ឍន៍ក្នុងតំបន់របស់ខ្លួននៅក្នុងវិស័យចម្បងៗរបស់ខ្លួន ខណៈដែលកំពុងមានការជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងក្រុមនាំមុខគេមួយចំនួននៅលើពិភពលោក ដើម្បីពង្រីកទីផ្សារ និងទាក់ទាញការវិនិយោគ។

វេទិកា WEF ASEAN ឆ្នាំ ២០១៨ នេះ ផ្តោតទៅលើប្រធានបទ «អាស៊ាន 4.0: សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្មទីបួន»។ ព្រឹត្តិការណ៍នេះនឹងដោះស្រាយនូវបញ្ហាជាយុទ្ធសាស្រ្តសំខាន់ៗថ្នាក់ជាតិ និងថ្នាក់តំបន់ ក្រោមសសរទ្រឹស្តីទាំងបី គឺភាពជាសហគ្រិនដើម្បីបង្កើតវិធីសាស្រ្តថ្មីសម្រាប់អភិបាលកិច្ចថ្នាក់តំបន់ និងសកលលោក ភាពជាសហគ្រិនដើម្បីជំរុញថាមភាពសេដ្ឋកិច្ច និងធុរកិច្ច និងសហគ្រិនភាពដើម្បីកំណត់ការដាក់បញ្ចូលសង្គម។ គេរំពឹងថា ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីប្រតិភូប្រមាណជាពី ៨០០​ ទៅ ១០០០ នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)