ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកអាជ្ញាធរថៃ ព្រមានពីទឹកជំនន់ ក្នុងខេត្តភាគខាងលិច

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ — ពួកអាជ្ញាធរថៃ កាលពីថ្ងៃចន្ទនេះ បានព្រមានពួកអ្នកស្រុកក្នុងប្រទេសថៃ ភាគខាងលិចទៅលើការហៀរទឹកចេញពីទំនប់ទឹកមួយនៅក្នុងខេត្តផេតចាបូរី ដែលមានព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា ។
នាយកដ្ឋានធារាសាស្ត្រផេតចាបូរី បាននិយាយថា ទំនប់ទឹក Kaeng Krachan បានទទួលទឹកដល់ទៅ៧០៨ ម៉ែត្រ គូបរួចស្រេចហើយរហូតមកដល់ថ្ងៃចន្ទនេះ ឬ៩៩,៧ភាគរយនៃសមត្ថភាពរបស់ខ្លួន ។ ស្រុកចំនួន៥ របស់ខេត្តផេតចាបូរី នៅតាមខ្សែទឹកចេញពីទំនប់ទឹក Kaeng Krachan ត្រូវបានគេព្រមានពីទឹកជំនន់ថែមទៀតដោយសារទឹកដែលចេញមក ពីទំនប់ទឹកនេះ ។

នាយកដ្ឋាននេះបាននិយាយថា តំបន់ទីក្រុងនឹងត្រូវលិចទឹកកម្ពស់ប្រហែលពី២៥ ទៅ ៣០ សង់ទីម៉ែត្រ ហើយនឹងហូរតាមខ្សែទឹកទៅកាន់ស្រុក Ban Laem ។
មជ្ឈមណ្ឌលសម្រាប់វិបត្តិនេះ បានបញ្ជូនទូកបូមទឹកចំនួន ២០​គ្រឿង ដើម្បីបូមទឹកចេញពីព្រែកជីក Khlong D ចូលទៅក្នុងសមុទ្រ ។

ចាប់តាំងពីយប់ថ្ងៃសៅរ៍ មកគេឃើញពួកអ្នកស្រុករាប់រយនាក់ដាក់ខ្សាច់ក្នុងបាវយកទៅដាក់នៅខាងមុខលំនៅដ្ឋានរបស់ពួកគេ ដើម្បីការពារទឹកជំនន់ ។ មជ្ឈមណ្ឌលសម្រាប់កិច្ចការនេះក៏កំពុងរៀបចំផងដែរ ដើម្បីជម្លៀសពួកអ្នកស្រុកទៅកាន់កន្លែង ដែលខ្ពស់ជាង ។ ទំនប់ទឹក Kaeng Krachan ជាទំនប់ទឹកពហុបំណងមួយដែលសាងសង់នៅក្នុងឆ្នាំ ១៩៦៦ មានបណ្តោយ ៧៦០ ម៉ែត្រ និងកម្ពស់ ៥៨ម៉ែត្រ ។

ប្រធាននាយកដ្ឋានការពារ និងកាត់បន្ថយគ្រោះមហន្តរាយលោក Chayapol Thitisak បាននិយាយពីថ្ងៃចន្ទថា ខេត្តចំនួន ៩ នៅក្នុងតំបន់ភាគឦសាននៅតែប៉ះពាល់ដោយទឹកជំនន់ នៅឡើយដែលជាលទ្ធផលនៃភ្លៀងយ៉ាងខ្លាំង ព្រមទាំងការហៀរទឹកចេញពីទន្លេមេគង្គ ។

លោក Chayapol បាននិយាយថា ជាមួយនឹងភ្លៀងរដូវនេះ យើងឃើញមានប្រជាជន ១០០០០០ នាក់បានប៉ះពាល់ដោយទឹកជំនន់ និងការបាក់ដីនៅក្នុងខេត្តចំនួន ២៧ ក្នុងពេលតែ ២សប្តាហ៍ប៉ុណ្ណោះ ។ វា នឹងត្រូវប្រើពេលយ៉ាងហោចណាស់២ ខែសម្រាប់ទឹកជំនន់ស្រកចុះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )