ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម ហ៊ុន ម៉ានី ចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ៨០០គ្រួសារនៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ –ឯកឧត្ដម ហ៊ុន ម៉ានី  សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.... ) បានអញ្ជើញចុះសួរសុខទុក្ខនិង ចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះចំនួន ៨០០គ្រួសារ កាលពីព្រឹកថ្ងៃអង្គារ ១១រោច ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ 

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានឱ្យដឹងថា ទឹកជំនន់ទន្លេ មេគង្គបានធ្វើឱ្យប៉ះពាល់ដល់ក្រុង១ ស្រុកចំនួន ៤ លើ២៩ឃុំ-សង្កាត់ នៅតាមដងទន្លេមេគង្គ និងព្រែកមួយចំនួន និងបានធ្វើឱ្យប៉ះពាល់ផ្ទៃដីស្រូវវស្សាចំនួន ២.២៣៦ហិកតា ដំណាំរួមផ្សំ ១.០៨៦ហិកតា  ផ្លូវខេត្តប្រវែង ២០០ម៉ែត្រ ផ្លូវលំជនបទប្រវែង ២៦២.២៣០ម៉ែត្រ  អណ្តូង ស្នប់ ៥៩កន្លែង ផ្ទះប្រជាពលរដ្ឋ ៦.៩៨៤ខ្នង សាលារៀន ៨១កន្លែង មណ្ឌលសុខភាព និង ប៉ុស្តិ៍ សុខភាព ៣កន្លែង និង វត្តអារម ១៨កន្លែង ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ក្នុងការឆ្លើយតបជួយអន្តរាគមន៍ និងដោះស្រាយដល់គ្រួសារប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយទឹកជំនន់ រដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត និងផ្នែកពាក់ព័ន្ធនានា បានជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋចំនួន ៩៤៤គ្រួសារ និង សត្វគោ ក្របី ៦.៤៩៨ក្បាល ទៅកាន់ទីទួលសុវត្ថិភាព និងប្រជាពលរដ្ឋមួយចំនួនទៀតបានជម្លៀសបណ្តោះអាសន្នទៅកាន់ផ្ទះអ្នកក្នុងភូមិដែលនៅទីទួលខ្ពស់ ។ 
        ឯកឧត្ដម  ហ៊ុន ម៉ានី  បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ និងអ្នកចូលរួមប្រមាណជាង ១.០០០នាក់ ដោយសម្ដែងនូវការគោរព និងចូលរួមសោកស្តាយចំពោះការលិចលង់ និងការ ខូចខាតផ្ទះសម្បែង ផលដំណាំ និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដោយសារទឹកជំនន់ទន្លេមេគង្គក្នុងខេត្តក្រចេះយើងនេះ ។ ឯកឧត្ដម ក៏បានធ្វើការកោតសរសើរចំពោះ អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានដែលបានជួយសង្គ្រោះ និងជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបនិងជាតំណាងរាស្រ្តផងនោះ បានជំរុញឱ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ត្រូវតាមដានអំពីស្ថានភាពទឹកជំនន់ ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងដំណាក់កាលដែលមិនទាន់ច្បាស់លាស់ អំពីស្ថានភាពទឹកជំនន់ដែលកំពុងចុះឡើងៗនាពេលបច្ចុប្បន្ននេះ ។ ឯកឧត្ដមក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ទោះក្នុងស្ថានភាពណាក៏ដោយត្រូវដោះស្រាយសុវត្ថិភាពអាយុជីវិតជាសំខាន់ ។

អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនោះក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកក្រូច ១កេស ឃីត ១ កញ្ជប់ និងថវិកា ៣ម៉ឺនរៀល ៕

ដោយជួន សុជាតិ