ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ផ្ទះមនុស្សធម៌ចំនួន០៣ខ្នងត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ នៅស្រុកប្រាសាទបាគង

AKP សៀមរាប ថ្ងៃទី០៧ ខែសីហា ឆ្នំា២០១៨ –ខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌០៣ខ្នង មានទំហំ ៤ម៉ែត្រx,៥ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ក្រាលក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាង កម្ពស់១,៧០ម៉ែត្រ ដែលជាអំណោយរបស់លោកស្រី អាណា ប្រធានក្រុមអង្គររ៉ូតារីក្លឹបផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការីប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ គ្មានទីពឹង ៣គ្រួសារ នៅភូមិ ឃុនមោឃ និងភូមិគោកត្នោត ឃុំកណ្តែក ស្រុក ប្រាសាទបាគង ខេត្តសៀមរាបកាលពី ថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ​ ឆ្នាំច ​សំរឹទ្ធិស័ក ព.ស​២៥៦២​ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨

លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា ផ្ទះមនុស្សធម៌ទី៥២ ត្រូវបានប្រគល់ជូនគ្រួសារលោក ែប ណៃ អាយុ៥៩ឆ្នាំ ជាគ្រួសារក្រីក្រ រស់នៅភូមិឃុនមោឃ, ផ្ទះមនុស្សធម៌ទី៥៣ ត្រូវបានប្រគល់ជូនគ្រួសារអ្នកមី ផន សន អាយុ៥៩ឆ្នាំ  ជាស្ត្រីមេម៉ាយមានជំងឺប្រចាំកាយ រស់នៅភូមិគោកត្នោត, ផ្ទះមនុស្សធម៌ទី៥៤ ត្រូវបានប្រគល់ជូនគ្រួសារប្អូនស្រី រម្យ រ៉ាវឌី អាយុ១៨ឆ្នាំ គ្រួសារកុមារកំព្រា មានបងប្អូន៣នាក់ រស់នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចពាក្យស្លោកលើកឡើងថា កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល

លោកជំទាវ ក៏បានបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារ បងស្រី ប្អូនប្រុស និងក្មួយស្រីទាំងបីគ្រួសារនេះហើយ ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀម រាប សម្រេចសាងសង់ផ្ទះជូនពួកគាត់។ កត្តាទាំងនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក្រោមម្លប់សន្តិភាព នៃមហាគ្រួសារខ្មែរតែមួយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនាវាកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។  

លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និង ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃ  ហើយត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ។ ជាមួយគ្នានេះដែរលោកជំទាវក៏បានចែកអំណោយមនុស្សធម៌បន្ថែមក្នុង១គ្រួសារ រួមមាន៖ មុង២ ភួយ២ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ សម្ភារផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមពិធីម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ

ដោយឃុត សៅ