ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កីឡាករខ្មែរ ម៉ា វីរ៉ូ ឈ្នះជើងឯក ខណៈជ័យលាភីផ្នែកនារីបានលើកីឡាការិនីចក្រភពអង់គ្លេស សម្រាប់ម៉ារ៉ាតុង ចក្រភពខ្មែរ ឆ្នាំ២០១៨

AKP សៀមរាប ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨–កីឡាករខ្មែរ ម៉ា វីរ៉ូ បានឈ្នះជើងឯកលើវិញ្ញាសារត់ម៉ារ៉ាតុងចម្ងាយ៤២គីឡូម៉ែត្រ ខណៈជ័យ លាភីផ្នែកនារីលើវិញ្ញាសា៤២គីឡូម៉ែត្រនេះដែរបានទៅលើកីឡាការិនីមកពីចក្រភពអង់គ្លេស ដូចៗគ្នា នៃទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៥ នៅតំបន់អង្គរ ខេត្តសៀម រាប កាលពីព្រឹកថ្ងៃអាទិត្យ ទី០៥ ខែសហា ឆ្នាំ២០១៨។

កីឡាករ ម៉ា វីរ៉ូ ដែលឈ្នះជើងឯកម៉ារ៉ាតុងនេះធ្វើសម្រេចក្នុងថិរវេលា ២ម៉ោង ៥៦នាទី និង២៤វិនាទី ខណៈចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករជប៉ុន Kawamoto Koji ក្នុងថិរវេលា ២ម៉ោង ៥៨នាទី និងលេខ ៣ បានទៅលើកីឡាករជប៉ុន Ota Yugo ៣ម៉ោង និង០៧នាទី។ ជ័យលាភី៤២គីឡូម៉ែត្រ ផ្នែកនារីបានទៅលើ កីឡាការិនីមកពីចក្រភពអង់គ្លេស ដូចគ្នា ដោយលេខ១ បានទៅកីឡាការិនី Hamill Jill, លេខ២ កីឡាការិនី Mumford Amy និងលេខ៣ កីឡាការិនី Easton Sarah។

ដោយឡែកវិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្រផ្នែកបុរសលេខ១ បានទៅ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា និងលេខ២-លេខ៣បានទៅកីឡាករចិនដូចគ្នា ខណៈផ្នែកនារី លេខ១ បានទៅកីឡាការិនីជប៉ុន Sasaki Natsuko, លេខ២ កីឡាការិនីចិន Gao Rui និងលេខ៣ កីឡាការិនីជប៉ុន Gawasawa Ayumi។

រីឯវិញ្ញា សារត់ចម្ងាយ១០គីឡូម៉ែត្រ បុរសលេខ១ កីឡាករ Tamiru Andarge Ayal មកពីប្រទេស Ethiopian, លេខ២ និង លេខ៣ កីឡាករមកពីប្រទេសចិនដូចគ្នា ស្របពេលដែលផ្នែកនារីលេខ១ កីឡាការិនីចិន Heng Meyjou, លេខ២ កីឡាការិនីជប៉ុន Mafsugi Mina និងលេខ៣ កីឡាការិនីចិន Sum Hau Wun។ ក្រៅពីនេះ គណៈកម្មការបច្ចេក ទេសក៏រកឃើញម្ចាស់ជ័យលាភីលើវិញ្ញាសារត់១០គីឡូម៉ែត្រ បុរស-នារី និង៥គីឡូម៉ែត្រ បុរស-នារី និងវិញ្ញាសារត់ កម្សាន្ត៣គីឡូម៉ែត្រផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ក្រោយបញ្ចប់ការប្រកួត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ទិវារត់ម៉ារ៉ា តុងចក្រភពខ្មែរ លើកទី៥ ដែលរៀបចំនៅលើទឹកដីអង្គរនេះ ទាក់ទាញបានអត្តពលិកជាតិ និងអន្តរជាតិចំនួន៣.០៥៥នាក់ មកពី៥០ប្រទេស ដែលចំនួននេះមានអត្រាកំណើនកើន ឡើង១៥ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០១៧ កន្លងទៅ។

ឯកឧត្តមអះអាងយ៉ាងដូច្នេះថា “ខ្ញុំគិតថា នេះគឺជាជោគជ័យដ៏ធំធេង ដែលនេះជាលើកទី៥ អ្នកចូលរួមក៏ច្រើនជាង មុន ក្នុងនោះបរទេសជាង១.៦០០នាក់ មកពី៥០ប្រទេស។

អ្វីដែលកត់សម្គាល់នោះ ខ្ញុំឃើញថា អ្នកចូលរួមបាន ចុះឈ្មោះមុនពេលកម្ពុជារៀបចំការបោះឆ្នោត… ក្នុងអារម្មណ៍របស់ពួកគេមិន បានគិតអំពីរឿងបោះឆ្នោតទេ ដោយពួកគាត់បានមើលឃើញថា ការបោះឆ្នោតនៅកម្ពុជាមាន សន្តិភាពពេញលេញ សុខសុវត្ថិភាពនយោបាយ ដ៏ពិតប្រាកដមួយ។ នេះគឺជាកីឡាទេស ចរណ៍ដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវអន្តរជាតិ និងធ្វើឱ្យជីវភាព របស់ប្រជាពលរដ្ឋខ្មែរ កាន់តែរីកចម្រើនជាមួយនឹងការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានផងដែរ។”

ឯកឧត្តមបានបន្ថែមថា ក្នុងចំណោមអត្តពលិកទាំង៣.០៥៥នាក់ គឺមានអ្នករត់ក្នុងស្រុក ១.៤០០នាក់ និងអត្តពលិកជាភ្ញៀវអន្តរជាតិចំនួន ១៦៥៥នាក់ ក្នុងនោះចំនួនភ្ញៀវមក ពីប្រទេសចិនឈរនៅលំដាប់លេខ១ ជប៉ុនឈរនៅលំដាប់លេខ២ និងអ្នករត់មកពីប្រទេស​ម៉ាឡេស៊ី ឈរនៅលំដាប់លេខ៣៕


ដោយ ហេង ណាលីន