ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ ជ ប អះអាងថា ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញធ្វើជិតរួចរាល់ តែរកមិន​ឃើញ​កំហុស​ឆ្គង​ជាធំដុំនោះឡើយ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា ការផ្ទៀងផ្ទាត់សន្លឹក​ឆ្នោតឡើងវិញធ្វើស្ទើតែបញ្ចប់រួចរាល់១០០ភាគរយទាំង២៥រាជធានី-ខេត្ត។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ នៅថ្ងៃទី៦ ខែសីហានេះ បានបញ្ជាក់ថា ការ​ពិនិត្យ ផ្ទៀងផ្ទាត់ និងរាប់សន្លឹកឆ្នោតឡើងវិញ ដោយគ.ជ.បនេះ មិនត្រូវបានរក​ឃើញ​កំហុស​ឆ្គង​ពាក់ ព័ន្ធនឹងលទ្ធផលបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗជាធំដុំនោះឡើយ។
គ.ជ.ប បាននឹងកំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលឡើងវិញ ចាប់តាំង​ពី​រសៀល​​​ថ្ងៃទី៤ ខែសីហា បន្ទាប់ពីមានការរិះគន់ និងបណ្តឹងរបស់គណបក្សនយោបាយ ដែលមាន​រហូត​ដល់២.៥០០បណ្តឹង ជុំវិញភាពមិនប្រក្រតីនឹងការបោះឆ្នោតនិងរាប់សន្លឹកឆ្នោត និងបន្ទាប់ពី​សន្លឹក​​​​​ឆ្នោតមិនបានការកើនដល់ជិត៦សែនសន្លឹក ក្នុងចំណោមអ្នកចេញ​ទៅបោះឆ្នោតឆ្នាំ​២០១៨​​នេះ សរុប៦លាន៩៤ម៉ឺននាក់។
ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា សន្លឹកឆ្នោតមិនបានដែលមានចំនួនច្រើន គឺស្តែង​ចេញ​ពីការសម្រេចចិត្តរបស់អ្នកបោះឆ្នោតចំនួនមួយតូច ក្នុងចំណោមសន្លឹកឆ្នោត​បានដែលប្រជា​ពល​រដ្ឋគូសគាំទ្រគណបក្សផ្សេងៗប៉ុណ្ណោះ។
ឯកឧត្តមបន្តថា គ្មានការបោះ​ឆ្នោតនៅប្រទេសណាមួយ ដែលល្អឥតខ្ចោះនោះទេ ហើយភាព​មិន​ល្អឥតខ្ចោះនៃការបោះឆ្នោតនៅកម្ពុជាលើកនេះ ក៏មិនធ្វើឱ្យប៉ះពាល់ដល់លទ្ធផល​នៃការបោះ​ឆ្នោត​នោះដែរ។
ឯកឧត្តម ប្រាក់ សុខុន ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៅប្រទេសសិង្ហបូរី កាលពី​ចុងសប្តាហ៍នេះ បានបញ្ជាក់ទៅកាន់សហគមន៍អន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជា បានរៀប​ចំ​ការ​បោះឆ្នោត ស្របតាមគោលការណ៍ប្រជាធិបតេយ្យហើយ។
តាមលទ្ធផលបឋមរបស់គ.ជ.ប បង្ហាញថា ចំនួនអ្នកបោះឆ្នោតដែលគាំទ្រគណបក្សប្រជា​ជន​កម្ពុជា សម្រាប់អាណត្តិទី៦ នៃរដ្ឋសភានេះ មានជាង៤លាន៨៧ម៉ឺនសំឡង ស្មើនឹង៧៦,៧៨៕