ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សិស្សកម្ពុជា៤នាក់ទទួលបានមេដាយសរុប៩គ្រឿង ក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេង អាស៊ានបូកបី លើកទី៧ នៅទីក្រុងកូឡាឡាំពួរ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖
សិស្សកម្ពុជាចំនួន៤នាក់ទទួលបានមេដាយសរុបចំនួន៩គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ៧គ្រឿងបន្ទាប់ពីបានចូលរួមប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេង អាស៊ានបូកបី លើកទី៧ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានអោយដឹងថា ការប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេង អាស៊ានបូកបី លើកទី៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីគឺផ្ដោតទៅលើ ប្រធានបទ “វិទ្យាសាស្ត្រ និងការបង្កើតថ្មីដើម្បីសុខភាព និងសុខុមាលភាពសង្គម” ដែលមានបេក្ខជនចូលរួម ចំនួន៥៧នាក់ មកពីបណ្ដាប្រទេសអាស៊ាន រួមជាមួយប្រទេសកូរ៉េ ផងដែរ។
ប្រភពបន្តថា សិស្សកម្ពុជាចំនួន៤នាក់ទទួលបានមេដាយសរុបចំនួន៩គ្រឿងនេះរួមមាន
ទី១ យុវសិស្ស អៀង ហ៊ុយឃាង ភេទប្រុស វិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ទទួលបានមេដាយមាស១គ្រឿង។
ទី២ យុវសិស្ស ឡី ឡាយអាន ភេទប្រុស សាលាអន្តរជាតិឌូវី ខេត្តបាត់ដំបងទទួលបានមេដាយប្រាក់១គ្រឿងនិង មេដាយសំរិទ្ឋ២គ្រឿង។
ទី៣ យុវសិស្ស ស្រ៊ុន រដ្ឋា ភេទប្រុស វិទ្យាល័យហ៊ុនសែន១មិថុនា ខេត្តតាកែវ ទទួលបានមេដាយសំរិទ្ឋចំនួន៣គ្រឿង ។
និងទី៤ យុវសិស្ស ឈ្មោះ ពិជ្ជ ពុធស្រីនាថ ភេទស្រី វិទ្យាល័យសុរាម្រិត ខេត្តកំពង់ឆ្នាំងទទួលបានមេដាយ សំរិទ្ឋចំនួន២គ្រឿង៕