ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រញ្ជួយដីទំហំ ៧,០ នៅឥណ្ឌុណេស៊ីស្លាប់៨២នាក់ នឹងរាប់រយនាក់របួស

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ — មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ ៨២នាក់បានស្លាប់ នឹងរាប់រយនាក់ទៀតរបួសនៅពេលដែលការរញ្ជួយដីទំហំ ៧,០កាលពីថ្ងៃ អាទិត្យនេះ បានបំផ្លាញផ្ទះ និងអាគាររាប់ពាន់ខ្នងដែលភាគច្រើននៅក្នុងកោះ Lombok ប្រទេសឥណ្ឌូណេស៊ីភាគកណ្តាល ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិលោក ស៊ូតូប៉ូ ពួវ៉ូ នូហ្គ្រោហូ ( Sutopo Purwo Nugroho ) បាននិយាយថា ការរញ្ជួយដីនេះ បានបង្ខំប្រជាជនរាប់ពាន់នាក់ឱ្យភៀសខ្លួនចេញពីលំនៅដ្ឋាន ហើយការជម្លៀសប្រជាជនដែលប៉ះពាល់ដោយការរញ្ជួយដីបានដំណើរការទៅហើយ ។

អ្នកនាំពាក្យនោះ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅក្នុងអត្ថបទសារមួយថា អ្នករងរបួស ត្រូវបានគេព្យាបាលនៅខាងក្រៅមន្ទីរពេទ្យឬ គ្លីនិចសុខភាព នៅពេលដែលអាគារមន្ទីរពេទ្យនានាបានបែកបាក់ឬ ស្ថិតនៅក្នុងស្ថានភាពគ្មានសុវត្ថិភាពនោះ ។

លោក ស៊ូតូប៉ូ បាននិយាយថា ការរញ្ជួយដីនេះបានវាយប្រហារស្រុក Lombok Utara , Lombok Timur និង Mataram ធានីខេត្ត West Nusa Tenggara ដែលទាំងអស់នេះស្ថិតនៅកន្លែងទេសចរណ៍នៃកោះ Lombok របស់ប្រទេសឥណ្ឌូណេស៊ី ។

លោក ស៊ូតូប៉ូ បាននិយាយថា ការរញ្ជួយដីនេះបានបង្កឱ្យមានការភ័យស្លន់ស្លោ នៅក្នុងកោះនេះ ព្រមទាំងកោះបាលី ដែលនៅជិតខាង ក៏ដូចជាខេត្ត East Java ហើយប្រជាជនបានប្រញាប់ប្រញាល់ ចេញពីលំនៅដ្ឋាន និងអាគារនានា ។

មន្ត្រីទីភ្នាក់ងារឧតុនិយមនិង ភូគព្ភសាស្ត្រ លោក យូស៊ុហ្វ ខៃដា អាលី បានប្រាប់ស៊ីនហួតាម ទូរស័ព្ទថា រហូតមកដល់ពេលនេះ មានការរញ្ជួយដីតូចៗ សរុបទាំងអស់៤៧លើកបន្ទាប់ពីរញ្ជួយដី​ទំហំ ៧,០ដែលបានវាយប្រហារនៅម៉ោង ១៨: ៤៦នាទីយប់ ម៉ោងនៅក្រុងហ្សាការតា ដែលមានចំណុចកណ្តាលនៅចម្ងាយ ១៨គីឡូម៉ែត្រភាគពាយ័ព្យស្រុក Lombok Timur នឹងជម្រៅ ១៥ គីឡូម៉ែត្រ នៅក្រោមដី ។

លោក ប៊ីយ៉ាណារ៉ាហាយូ មន្ត្រីទីភ្នាក់ងារនោះបានប្រាប់ស៊ីនហួថា ភ្នាក់ងារឧតុនិយមបានចេញការ ព្រមានពីស៊ូណាមីមួយ ហើយស៊ូណាមី នេះគ្រាន់តែបានកើតឡើងដែលមានកម្ពស់ក្រោម ១៣ សង់ទីម៉ែត្រ ប៉ុណ្ណោះនៅក្នុងកន្លែងចំនួន ៣ ក្នុងកោះ Lombok ។

ប្រទេសឥណ្ឌូណេស៊ី ងាយរងការរញ្ជួយដី ព្រោះប្រទេសនេះស្ថិតនៅលើតំបន់ ដែលងាយរងគ្រោះពីការរញ្ជូយដី — « ក្រុមភ្លើងប៉ាស៊ីហ្វិក ( The Pacific Ring of Fire ) » ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )