ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសចិនស្នើឱ្យមានគោលការណ៍សម្រាប់អភិវឌ្ឍន៍ EAS នាពេលអនាគត

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានស្នើឱ្យមានគោលការណ៍ចំនួនបីសម្រាប់កិច្ចអភិវឌ្ឍន៍នាពេលអនាគតនៃកិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS) ។
លោកបានធ្វើសំណើនេះនៅក្នុងសុន្ទរកថានៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស EAS លើកទី ៨ នៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី ៤ ខែសីហា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥១ (AMM 51) ។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ចិនបានឱ្យដឹងថា គោលនយោបាយទីមួយដែលលោក Wang បានស្នើឡើងនោះ គឺផ្តោតទៅលើអាស៊ីបូព៌ា។ លោកបាននិយាយថា អាស៊ីខាងកើតបានបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយ EAS គឺជាសមាសធាតុដ៏សំខាន់។
នាពេលអនាគត បណ្ដាប្រទេសជាសមាជិករបស់ EAS គួរតែលើកកម្ពស់ស្មារតីគោរពគ្នាទៅវិញទៅមក បង្កើនការយល់ស្របគ្នាដោយបើកចំហ និងរួមបញ្ចូលនូវការផ្តោតការយកចិត្តទុកដាក់ទៅលើតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីបូព៌ា ព្រមទាំងការពារតួនាទីស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការតំបន់។

គោលការណ៍ទីពីរ គឺធ្វើឱ្យមានតុល្យភាពរវាងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ។ លោក Wang បាននិយាយថា កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ គួរមានគោលដៅផ្តល់នូវបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់កិច្ចអភិវឌ្ឍន៍ និងបង្កើតក្របខ័ណ្ឌសន្តិសុខក្នុងតំបន់ដែលស្របតាមកាលៈទេសៈពិតប្រាកដនៃតំបន់ និងឆ្លើយតបតាមតម្រូវការរបស់ភាគីទាំងអស់។

គោលការណ៍ទីបី គឺការសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការជាក់ ស្តែង។ ខណៈដែលចូលរួមក្នុងទំនាក់ទំនងជាយុទ្ធសាស្រ្តលើបញ្ហាសកលលោក និងក្នុងតំបន់ ចំពោះការព្រួយបារម្ភទូទៅ ដែលភាគីទាំងអស់ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីជម្រុញកិច្ចសហប្រតិបត្តិការតំបន់នៅក្នុងវិស័យសំខាន់ៗ ដើម្បីផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់កិច្ចអភិវឌ្ឍន៍ EAS ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)