ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យមន្ត្រីជុំនាញ ដាក់គ្រឿងចក្រស្ថាបនាច្រាំងទន្លេ និងផ្លូវដែលបាក់ស្រុតដោយសារទឹកជុំនន់ទន្លេឡើងវិញជាបន្ទាន់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ លោក ចន ណារិទ្ធ៖
រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​បញ្ជា​ជាបន្ទាន់ឱ្យមន្រ្តីជំនាញពាក់ព័ន្ធ ធ្វើការស្ថាបនាឡើងវិញ នៅកំណាត់​ផ្លូវ​មួយខ្សែ ដែលទទួលរងការខូចខាត ដោយបាក់ផ្តាច់ដោយ​សារទឹកជំនន់​ទន្លេសាបនាប៉ុន្មានថ្ងៃកន្លងមកនេះ នៅទីតាំង ក្រុមទី២ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ការជម្រុញបែបនេះ ធ្វើឡើង ក្នុងពេល ឯកឧត្តម ដឹកនាំអាជ្ញាធរដែនដី និង​មន្រ្តីជំនាញក្រោមឱវាទ ចុះទៅពិនិត្យស្ថានភាពជាក់ស្តែង នៃការបាក់​ច្រាំង​ទន្លេ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ ។
ឯកឧត្តម ឃួង ស្រេង បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង សម្តែងនូវការសោកស្តាយចំពោះគ្រោះធម្មជាតិ ដែលបណ្តាលឱ្យ​បាក់​ផ្តាច់​ផ្លូវតែម្តង ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញបានជម្រុញឱ្យមន្ទីរ​ពាក់ព័ន្ធជា​ពិសេស មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរ​ធន​ធាន​ទឹក ពិនិត្យនិងសិក្សាឱ្យបានហ្មត់ចត់ មុននឹងចាក់ថ្មធ្វើគ្រឹះចាក់​ដីបំ​ពេញ​ច្រាំងបាក់នេះឡើងវិញ ឲ្យបានឆាប់រហ័ស។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការស្ថាបនាច្រាំងទន្លេដែលបាក់នេះ ជាបណ្តោះអាសន្ន សំខាន់ទប់កុំឱ្យបាក់បន្ត និងអាចឱ្យប្រជា​ពលរដ្ឋធ្វើ​ដំ​ណើរ​បានសិន ។នៅរដូវទឹកស្រកខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង​ឱ្យមន្រ្តីជំនាញ ចុះមកសិក្សាបច្ចេកទេសឱ្យបានហ្មត់ចត់ ដើម្បីបុកស៊ី​ផាយ​បន្ទះដែក ទប់ការពារច្រាំង និងធ្វើឱ្យផ្លូវឲ្យរឹងមាំ និងជាប់លាប់តែម្តង ។
តាមការអះអាងពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ផ្លូវឬច្រាំងនៅចំណុច​នោះ តែងតែបាក់ជារៀងរាល់ឆ្នាំ តែបាក់តិចតួច អាជ្ញាធរមូលដ្ឋានតែង​តែ​ធ្វើ​ការ​ជួសជុលជាបន្តបន្ទាប់ ប៉ុន្តែឆ្នាំនេះបាក់ខ្លាំង ដែលអាជ្ញាធរមូលដ្ឋាន​មិនមាន​លទ្ធភាពជួសជុល ទើបរាជធានីភ្នំពេញ ធ្វើការជួសជុលឱ្យទាំងស្រុងតែម្តង ដែលការបាក់ច្រាំងលើកនេះ មានប្រវែងប្រមាណជិត១០០ម៉ែត្រ ៕