ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្តសៀមរាបស្នើឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានរួមគ្នាការពារ ថែរក្សាបរិស្ថាន ធនធានធម្មជាតិ ដើមី្បការរស់នៅរបស់យើងទាំងអស់គ្នា

AKP សៀមរាប ថ្ងៃទី០៤ខែសីហាឆ្នំា២០១៨– អភិបាលខេត្ដសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋនៅលើខ្នងភ្នំគូលែន ក៏ដូចប្រជាពល រដ្ឋទូទៅ ត្រូវចូលជាមួយអាជ្ញាធរមូលដ្ឋានរួមការពារថែរក្សាបរិស្ថានធនធានធម្មជាតិ នៅលើ ខ្នងភ្នំគូលែន ក្នុងការថែទាំនូវមរតកវប្បធម៌ដូនតាខ្មែរយើងឱ្យបានគង់វង្សយូរអង្វែង សម្រាប់ កូនចៅជំនាន់ក្រោយ ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសចុះជួបធ្វើការសំណេះ សំណាលជាមួយប្រជា ពលរដ្ឋ​នៅឃុំខ្នងភ្នំ ស្រុក ស្វាយលើ ខេត្តសៀមរាបប្រមាណជិត ៤០០នាក់ នៅនឹងបរិវេណព្រះអង្គធំខ្នងភ្នំគូលែន នាថ្ងៃសៅរ៍ ទី០៤ ខែ សីហា ឆ្នាំ២០១៨នេះ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមាន ប្រសាសន៍​ថា តំបន់ភ្នំគូលែន គឺជារមណីយដ្ឋានវប្បធម៌ធម្មជាតិ ដែលសម្បូរទៅដោយរូប ចន្លាក់ប្លែកៗនៅតាមប្រាសាទ ដែលបានបង្កប់នៅក្នុងព្រៃភ្នំនេះ សំខាន់ព្រះអង្គធំខ្នងភ្នំគូលែន ដែលជាទីកន្លងទីសក្ការៈបូជារបស់បងប្អូនប្រជាពុទ្ធបរិស័ទខ្មែរយើង ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ចូលមកគោរពបូជា ។ ម៉្យាងទៀតតំបន់ភ្នំគូលែន បានកំពុង ធ្វើការទាក់ទាញ អារម្មណ៍ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនា សិក្សាឈ្វេងយល់ អំពីអរីយ្យ ធម៌របស់ខ្មែរយើងតាំងពីសម័យបុរេប្រវត្តិមក។ ឯកឧត្តមបានបញ្ជាក់ថា ភ្នំគូលែនគឺជាតំបន់ ផ្តល់នូវប្រភពទឹកស្រោចស្រព ដែលហូរនាំទៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការ ចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ លើការងារកសិកម្ម ជាពិសេសម្រាប់ទ្រទង់គ្រឹះប្រាសាទ អង្គរ។ ឯកឧត្តមបានលើកឡើងថា បើធ្វើឱ្យបាត់បង់វិនាសមហន្តរាយនៃធនធានធម្មជាតិ នៅលើខ្នងភ្នំគូលែន ដែលបង្កឡើងដោយកត្តាមនុស្ស និង ធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ ប្រាង្គប្រាសាទបុរាណសំខាន់ប្រាសាទអង្គរវត្ត នៅពេលដែលធ្វើឱ្យបាត់បង់ ប្រភពទឹកនៅភ្នំ គូលែន ដែលជាប្រភពផ្គត់ផ្គង់ទឹក ក្នុងការទ្រទ្រង់គ្រឹះប្រាសាទអង្គរវត្តឱ្យបានរឹងមាំគង់វង្ស ជាប្រភពសេដ្ឋកិច្ច មិនចេះរីងស្ងួនរបស់ជាតិ ។ ទន្ទឹមនេះ ការធ្វើឱ្យបាត់បង់ប្រភពទឹកភ្នំគូលែន គឺបណ្តាមកពីការវិនាសបាត់បង់ព្រៃឈើលើខ្នងភ្នំ ដែលបណ្តាលពីការកាប់ព្រៃរាន យកដីធ្វើ ស្រែចំការរបស់បងប្អូន និងជនខិលខួចមួយចំនួន ដែលមិនបានគិតដល់ពីការ បាត់បង់ធន​ធានធម្មជាតិ។ ឯកឧត្តមបានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារធនធាន ធម្មជាតិ ដើម្បីធ្វើឱ្យរមណីយដ្ឋានភ្នំគូលែន អាចដាក់បញ្ចូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ ពិភពលោកបាននៅពេលឆាប់ខាងមុខនេះ។

ក្នុងឱកាសនោះឯកឧត្តម ឃឹម ប៊ុនសុង និងលោកជំទាវ ក៏បាននាំយកថវិការមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋចំនួន៤០០នាក់ ម្នាក់ៗ ២ម៉ឺនរៀលផងដែរ៕

ដោយ ឃុត សៅ