ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងធ្វើជាព្រឹទ្ធបុរសដើម្បីដឹកនាំកិច្ចប្រជុំរដ្ឋសភានីតិកាលទី៦ជាលើកដំបូង០៤ សីហា ឆ្នាំ ២០១៨

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចេម ហួត៖

រាជធានីភ្នំពេញ៖ ឯកឧត្តម ជាប យៀប បេក្ខជនតំណាងរាស្រ្តនីកាលទី៦នៃរដ្ឋសភា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា នឹងជ្រើសតាំងសម្តេចអគ្គមហាពញាចក្រី ហេង សំរិនធ្វើជាព្រឹទ្ធបុរស សម្រាប់ដឹកនាំរដ្ឋសភាដំបូង បន្ទាប់ពីព្រះមហាក្សត្រតាងប្រកាសសុពលភាពសមាជិកសភាទាំង១២៥នាក់រួច។

ការជ្រើសរើសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នេះ ធ្វើតាមច្បាប់ដែលចែងថា ក្នុងកិច្ចប្រជុំរដ្ឋសភាដំបូងគឺតម្រូវឲ្យសមាជិកសភាជាប់ឆ្នោតដែលមានអាយុច្រើនជាងគេជាអ្នកដឹកនាំកិច្ចប្រជុំ ។ ដូច្នេះ ក្នុងចំណោមសមាជិករដ្ឋសភាថ្មីទាំង១២៥រូបគឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានអាយុច្រើនជាងគេ ត្រូវតែធ្វើជាព្រឹទ្ធបុរសដើម្បីដឹកនាំកិច្ចប្រជុំរដ្ឋសភានីតិកាលទី៦ជាលើកដំបូងនេះ។

នីតិវិធីបន្ទាប់បន្តជ្រើសរើសសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងប្រជុំរដ្ឋសភានីតិកាលទី៥ លើកដំបូង ដោយសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានសមាជិករាជរដ្ឋាភិបាលរួមមាន ឧបនាយករដ្ឋមន្ត្រី ,ទេសរដ្ឋមន្ត្រី ,រដ្ឋមន្ត្រី។

បើគ្មានអ្វីប្រែប្រួលទេ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ គ.ជ.ប.ប្រកាសលទ្ធផលរាប់សន្លឹកឆ្នោត ចំនួនអសនៈរដ្ឋសភា និងឈ្មោះអ្នកតំណាងរាស្ត្រដែលគណបក្ស និមួយៗទទួកបាន ជាផ្លូវការ – ១៩-០៩-២០១៨(ព្រឹក) បើកសម័យប្រជុំរដ្ឋសភា។ – ១៩-០៩-២០១៨(ល្ងាច) សភាចូលស្បថកាន់ដំណែង។ – ២០-០៩-២០១៨(ព្រឹក) បង្កើតរាជរដ្ឋាភិបាលថ្មី។ – ២០-០៩-២០១៨(ល្ងាច) ចូលស្បថកាន់ដំណែងនាយករដ្ឋមន្រ្តីថ្មី និងគណៈរដ្ឋមន្ត្រីថ្មី ។ – ២១-០៩-២០១៨ ប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង៕