ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ្រូកីឡាបាល់ទះចិន មកជួយបង្វឹកបច្ចេកទេសដល់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨–បន្ទាប់ពីមានការស្នើសុំពីសហព័ន្ធកីឡាបាល់ទះកម្ពុជាដល់ សមាគមមិត្តភាពសភាពាណិជ្ជ កម្មចិនហ្វូជាននៅកម្ពុជា ក្នុងការបញ្ជូនគ្រូបង្វឹកបាល់ទះមកពីប្រទេសចិនមក ជួយបណ្តុះ បណ្តាលក្រុមកីឡាករ ជម្រើសជាតិបាល់ទះកម្ពុជានោះ ពេលនេះគ្រូបង្វឹកមួយរួប គឺលោក លី ជីន គ្រូបង្វឹកកីឡាបាល់ទះបានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីជួយបង្វឹកដល់ក្រុម ជម្រើសជាតិកីឡាបាល់ទះកម្ពុជា។

លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភា ពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា បានមានប្រសាសន៍ថា ពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងទៅអនាគត ប្រទេសចិន និង កម្ពុជាតែងតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ក្នុងនោះវិស័យកីឡាប្រទេសទាំងពីរក៏មាន ទំនាក់ទំនងគ្នាល្អដែរ ដោយលោកជឿជាក់ថា គ្រូបង្វឹកមកពីប្រទេស ចិនរូបនេះនឹងជួយបង្កើន កម្រិតបច្ចេកទេសជូនដល់ក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជាកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានចាត់ទុកថា ការបញ្ជូនគ្រូបង្វឹក មកជួយបច្ចេកទេសក្រុមជម្រើសជាតិកម្ពុជារបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ ធនធានមនុស្សនៃរដ្ឋបាលកីឡាចិន តាមរយៈការស្នើសុំបន្តពីសមាគមមិត្តភាពសភាពាណិជ្ជ កម្មចិនហ្វូជាននៅកម្ពុជាពិតជាបានជួយជ្រុំជ្រែងដល់វិស័យ កីឡាបាល់ទះកម្ពុជាឱ្យកាន់តែ ល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមអះអាងថា នៅចុងសប្តាហ៍នេះសហព័ន្ធ កីឡាបាល់ទះ កម្ពុជានឹងរៀបចំការប្រកួតជ្រើសរើសកីឡាករល្អៗ ដើម្បីចាប់ផ្តើមដំណើរការបង្វឹកបច្ចេកទេស ឱ្យកាន់តែប្រសើរ ដោយការអភិវឌ្ឍបែបនេះ គឺជាគោលដៅដ៏ចម្បងរបស់កម្ពុជា ក្នុងដំណើរ ឆ្ពោះទៅរៀបចំធ្វើជា ម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ៕

ដោយ ហេង ណាលីន