ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា កំពុងរៀបចំនីតិវិធីក្នុងការវេចខ្ចប់ និងបង្កើនការដាំដុះផលិតផលផ្លែចេក ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាចុងឆ្នាំ២០១៨នេះ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨–មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអះអាងថា កម្ពុជា កំពុងតែរៀបចំ នីតិវិធីក្នុងការវេចខ្ចប់ និងបង្កើនការដាំដុះផលិតផលផ្លែចេក ឱ្យស្របតាមស្ដង់ដារភូតគាម អនាម័យ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាចុងឆ្នាំ២០១៨នេះ។

ឯកឧត្តម ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ ឱ្យដឹង នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះថា ក្រោយពីការចុះហត្ថលេខាលើពិធីសារ រវាងភាគីកម្ពុជា និងចិនរួចហើយ កម្ពុជាអាចធ្វើការនាំចេញផ្លែចេកនេះបាន ប៉ុន្ដែត្រូវគោរព តាមលក្ខខណ្ឌទាំងអស់ ដែលបានចែងក្នុងពិធីសារដោយពិនិត្យទៅលើភូតគាមអនាម័យ ផលិតផលរបស់កម្ពុជា។

ឯកឧត្ដមបានបន្ដថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនមួយ ចំនួនកំពុងតែរៀបចំនីតិវិធី ទាំងការវេចខ្ចប់ និងការដាំដុះផលិតផលចេកនេះ ដើម្បីធ្វើការ នាំចេញទៅកាន់ទីផ្សារចិន ដែលក្នុងនោះ ការនាំចេញជាជំហានដំបូងនាចុងឆ្នាំ២០១៨នេះ គឺប្រហែលក្នុងកម្រិតតិចតួច ប៉ុន្ដែនៅដើមឆ្នាំ២០១៩ខាងមុខ នឹងមានចំនួនច្រើន ដោយសារ តែមានក្រុមហ៊ុនមួយចំនួនបានដឹងអំពីលក្ខខណ្ឌ និងបែបបទតម្រូវការរបស់ចិន។

ឯកឧត្តមបានបន្ថែមថា ការនាំចេញផ្លែចេកនេះ កម្ពុជាត្រូវតែគោរព និងឆ្លើយតបទៅ នឹងលក្ខខណ្ឌតម្រូវលើភូតគាមអនាម័យ គឺអាចនាំចេញទៅប្រទេសចិនបាន។

ឯកឧត្តមបាន លើកឡើងទៀតថា ក្រៅពីទីផ្សារប្រទេសចិន កម្ពុជាបាននាំចេញផលិតផលទៅ កាន់ទីផ្សារ អឺរ៉ុប អាស៊ី និងបណ្ដា ប្រទេសអាស៊ាន។ ទន្ទឹមនេះ កម្ពុជាត្រូវតែខិតខំបន្ថែមទៀត ដើម្បី ឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវទាំងបច្ចេកទេស និងអនាម័យឱ្យត្រូវទៅនឹងគោលការណ៍
ស្ដង់ដារ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំចេកមានចំនួន២៦,៧៦០ហិកតា និងមាន ផលិតផលចេកប្រហែល៣៥០ពាន់តោន ដែលផលិតផលមួយចំនួនបានប្រើប្រាស់ ផលិតផលក្នុងស្រុក និងមួយចំនួនទៀតធ្វើការដាំដុះនៅក្នុងកសិដ្ឋានក្រុមហ៊ុនធំៗ ដើម្បីធ្វើការនាំចេញ។

ក្នុងពិធីចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការ នាំចេក កម្ពុជា ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី០៣ ខែសីហានេះ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានស្នើសុំទៅ ភាគីចិន ឱ្យពិនិត្យលទ្ធភាព និងពន្លឿនការងារបន្ថែម ក្នុងការនាំចូលនូវផលិតផល កសិកម្ម ចាំបាច់មួយចំនួនទៀត ទៅកាន់ទីផ្សារ ចិន ដូចជា ផ្លែស្វាយ ផ្លែមៀន (តាង៉ែន) ផ្លែស្រកានាគ ម្រេច ផ្លែដូង និងសំបុកទឹកមាត់ត្រចៀកកាំ សម្រាប់ធ្វើការនាំចេញទៅប្រទេស ចិនជាបន្ត ទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដទៀតថា ជាលទ្ធផល កន្លងមក កម្ពុជា និងចិន បានរៀបចំ ពិធីសារមួយចំនួនត្រូវបានចុះហត្ថលេខារួចហើយស្តីពីការនាំផលិតផល ដំឡូងមីកម្ពុជា ការនាំ អង្ករកម្ពុជា ការនាំអង្ករកញ្ចុងអង្ករកម្ពុជា និងការនាំពោតកម្ពុជា ចេញទៅកាន់ទីផ្សារប្រទេសចិន។

ការចុះពិធីសារនេះ គឺជាការឆ្លើយតបរបស់ភាគីចិន តាមសំណើរបស់ភាគីកម្ពុជា តាមរយៈក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចាប់ផ្តើមចរចា ទីផ្សារជាមួយភាគីចិនឡើងវិញ តាមរយៈការរៀបចំផែនការការងារសម្រាប់រៀបចំពិធីសារ នាំចេញផ្លែចេកកម្ពុជាទៅកាន់ប្រទេសចិន និងបានឯកភាពគ្នាលើសេចក្តីព្រាង កាលពីថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនៅសហភាពមីយ៉ាន់ម៉ា។ ទន្ទឹមនេះ ដោយផ្អែកលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងកសិកម្មនៃសាធារណរដ្ឋ ប្រជា មានិតចិន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១០ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការអនាម័យ និងភូតគាមអនាម័យ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាមួយនឹងអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័កនៃ សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការចរចាជាមួយភាគីចិន ដើម្បីជំរុញឱ្យផលិត ផលកសិកម្មបាននាំចូលទៅកាន់ទីផ្សារចិន។

សូមរម្លឹកថា ក្នុងឆ្នាំ២០១៧កន្លងទៅ ផលិតផលកសិកម្មកម្ពុជា បាននាំចេញទៅកាន់ ប្រទេសចិន រួមមានអង្ករមានចំនួនជិត២០០ពាន់តោន ផលិតផលដំឡូងមីក្រៀម និងម្សៅ សរុបចំនួនជាង៥៨ពាន់តោន កៅស៊ូមានចំនួន៣.៣៤០តោន ស្ករអំពៅមានចំនួន១៤.៩៤០ តោន និងផលិតផលកសិកម្ម មួយចំនួនទៀត៕


ដោយ អ៊ុន រិទ្ធី(ប្រភព៖ ក្រសួងកសិកម្ម)