ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីការពារជាតិនឹងធ្វើទស្សនកិច្ចនៅប្រទេសតួកគី និងឥណ្ឌា នាសប្តាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ — ការិយាល័យរបស់លោកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការពារជាតិរបស់​កូរ៉េខាង​ត្បូង លោក សុង​យ៉ុង-មូ នឹងធ្វើទស្សនកិច្ចចំនួន៦ថ្ងៃមួយទៅកាន់ប្រទេសតួកគី និង​ឥណ្ឌា​នាសប្តាហ៍ក្រោយនេះ សម្រាប់កិច្ចចរចាជាមួយសមភាគីរបស់លោក លើបញ្ហាមួយ​ចំនួន​រួមមាន ផ្នែកសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបតិ្តការនៅក្នុងផ្នែក​ឧស្សាហកម្មអាវុធ។
ចាប់ពីថ្ងៃអាទិត្យរហូតដល់ថ្ងៃពុធ លោក សុង នឹងស្ថិតនៅប្រទេសតួកគី ដើម្បីធ្វើកិច្ច​ពិគ្រោះយោបល់លើវិធានការ ការតាមដាននានា ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការការ​ពារជាតិដែលកើតចេញពីកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូល រវាងប្រធានាធិបតីលោក មូន ចា-អ៊ិន និងសមភាគីរុស្ស៊ីរបស់លោក លោក រីស៊ីប តាយីប អ័រដូហ្កាន ​កាលពីខែឧសភា កន្លងទៅ។

វាគឺធ្វើជាការកត់សម្គាល់ពីទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសតួកគី ដែលធ្វើ​ឡើង​ដោយ​រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង​ចាប់តាំងពីឆ្នាំ២០០៨មក។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចចំនួនពីរថ្ងៃនៅប្រទេសឥណ្ឌា ដែលគ្រោងនឹងចាប់ផ្តើម​ឡើងនាថ្ងៃព្រហស្បតិ៍ខាងមុខនេះ លោក សុង នឹងជួបប្រជុំជាមួយពួកមន្រ្តីជាន់ខ្ពស់ឥណ្ឌា ដើម្បី​​ពិភាក្សាគ្នាពីបញ្ហាសន្តិសុខនៅក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម​ការពារជាតិ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើជាទស្សនកិច្ចលើកដំបូង​ផងដែរទៅកាន់ប្រទេស​ឥណ្ឌា ​ដោយ​រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង​ចាប់តាំងពីឆ្នាំ២០១២មក។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសទាំងពីរនេះ លោក សុង ​គ្រោងនឹងធ្វើជាប្រធាននៃព្រឹត្តិការណ៍រំលឹកខួបដើម្បីផ្តល់នូវការដឹងគុណរបស់លោក ចំពោះ​អតីត​យុទ្ធជនតួកគី និងឥណ្ឌានៅពេលសង្រ្គាមកូរ៉េ។ ក្នុងអំឡុងពេលជម្លោះឆ្នាំ១៩៥០-៥៣ ប្រទេស​តួកគីបានបញ្ជូនកងកម្លាំងប្រយុទ្ធដើម្បីវាយប្រហារស្ថិតក្រោមផ្លាក អ.ស.ប ខណៈ​ដែលប្រទេសឥណ្ឌាបានផ្តល់ការគាំទ្រផ្នែក ឱសថ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )