ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសចាប់ផ្ដើមអនុវត្តន៍យុទ្ធ​សាស្ត្រ​ ឆ្នាំ២០៣០ ដើម្បីឆ្លើយតប​ចំពោះ​ការផ្លាស់ប្ដូរតម្រូវការនៅអាស៊ី និងប៉ាស៊ីហ្វិក

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨–យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាល​ធនាគារអភិវឌ្ឍន៍​អាស៊ី (ហៅកាត់ថា ADB) បាន​អ​នុ​​ម័ត​លើយុទ្ធសាស្ត្ររយៈពេលវែង​ថ្មីរបស់ធនាគារនេះ ដែលមានឈ្មោះថា យុទ្ធសាស្ត្រ​ឆ្នាំ ២​​០​​៣០ ដោយបានដាក់ចេញ​នូវ​ចក្ខុវិស័យ​ទូលំទូលាយ និងការឆ្លើយតបជា​យុទ្ធសាស្ត្រ​របស់​ស្ថា​​ប័ននេះ ចំពោះ​ការវិវត្តនៃ​តម្រូវការ​របស់អាស៊ី និង​ប៉ាស៊ីហ្វិក។

លោក Takehiko Nakao ប្រធាន ADB មានប្រសាសន៍ថា “អាស៊ី និងប៉ាស៊ីហ្វិក បាន​សម្រេច​​នូវ​វឌ្ឍនភាព​យ៉ាងធំធេង ក្នុងរយៈពេល​ពាក់កណ្ដាលសតវត្សរ៍​ចុងក្រោយនេះ លើការ​ការ​កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច​ ប៉ុន្តែ​ក៏នៅមានរបៀបវារៈអភិវឌ្ឍន៍ ដែលពុំ​ទា​​ន់​​បាន​បញ្ចប់ទាំងស្រុងនៅឡើយផងដែរ។ ក្រោមក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ២០៣០ នេះ យើងនឹង​រួមបញ្ចូល​ធនធាន​ហិរញ្ញវត្ថុ​ ចំណេះដឹង និងភាព​ជាដៃគូ​ ដើម្បី​ធានា​និរន្តរភាព​នៃកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់យើង សំដៅលុបបំបាត់​ភាពក្រីក្រធ្ងន់ធ្ងរ​ និងពង្រីកចក្ខុវិស័យ​របស់យើង ដើម្បី​ឈា​ន​​ទៅ​បង្កើត​តំបន់​មួយ ប្រកបដោយវិបុលភាព​ បរិយាបន្ន ប្រកបដោយភាពធន់ និង​ចីរភាព។”បំ​ណង​​ប្រាថ្នារ​បស់ ADB មានទិសដៅស្របគ្នា​ជាមួយនឹងការប្ដេជ្ញាចិត្ត​ជាសកលធំៗ ដូចជា គោ​ល​ដៅអភិវឌ្ឍន៍​​ប្រកបដោយចីរភាព របៀបវារៈ​ហិរញ្ញប្បទានដើម្បី​អភិវឌ្ឍន៍ កិច្ចព្រម​ព្រៀង​ទី​ក្រុង​​ប៉ារី​សស្ដីពីការប្រែប្រួលអាកាសធាតុ​ និងក្របខ័ណ្ឌសិនដៃ​ សម្រាប់កាត់បន្ថយហានិភ័យ​នៃ​គ្រោះ​មហន្តរាយ។

ការ​សម្រេច​​ការប្ដេជ្ញាចិត្តទាំងនេះ ពឹង​អាស្រ័យយ៉ាងខ្លាំង​លើភាពជោគ​ជ័យ​របស់​តំបន់អាស៊ី និង​ប៉ាស៊ីហ្វិក ដោយសារតែ​ទំហំ​របស់តំបន់នេះ។

ADB នឹង​បន្តផ្តល់​អាទិ​ភាព​លើការគាំទ្រ​ដល់​ប្រទេ​សដែលក្រីក្រ និងងាយរងគ្រោះជាងគេ ក្នុងតំបន់នេះ។ ADB នឹង​ប្រើ​ប្រាស់​អភិក្រម​ស្រប​តាមស្ថានភាព​របស់ប្រទេសនីមួយៗ ដើម្បីបំពេញ​ទៅតាមតម្រូវការ​ខុស​ៗ​គ្នារបស់ក្រុមប្រទេស​ផ្សេងៗគ្នា ដូចជា ប្រទេស​ដែលស្ថិត​នៅក្នុង​ស្ថានភាព​ផុយស្រួយ និង​​រងផលប៉ះពាល់​ដោយ​សារ​ជម្លោះ រដ្ឋកំពុងអភិវឌ្ឍន៍ដែល​ស្ថិតនៅតាមដែន​កោះតូចៗ ប្រទេ​ស​​ចំណូលទាប​ និងប្រទេស​ចំណូលមធ្យមកម្រិត​ទាប និងប្រទេស​ចំណូលមធ្យមកម្រិត​ខ្ពស់។ នៅតាមក្រុមប្រទេសទាំងនេះ ADB ក៏នឹង​ដាក់អាទិភាព​លើ​ការ​គាំទ្រ​ដល់​តំបន់ ដែល​មានការអភិវឌ្ឍ​យឺតជាងគេ និង​ក្រុមដែលកំពុង​រស់នៅ​ក្នុងភាពក្រីក្រ និង​ភាព​ផុយស្រួយ​ផង​ដែរ​។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ការ​គាំទ្រ​របស់ ADB នឹង​ផ្ដោតលើ​អាទិភាព​ប្រ​តិ​បត្តិ​ការ​ចំនួនប្រាំពីរ៖ ១. ការឆ្លើយតបចំពោះ​ភាពក្រីក្រ ដែល​នៅសេសសល់ និងការកាត់​បន្ថ​យ​​វិសមភាព, ២.ការពន្លឿន​វឌ្ឍនភាព​ ដើម្បីឈានទៅសម្រេច​សមភាពយេនឌ័រ​, ៣. ការ​ឆ្លើ​យតប​ចំពោះការ​ប្រែប្រួល​អាកាសធាតុ ការកសាងភាពធន់ទៅនឹង​អាកាសធាតុ និងគ្រោះ​មហន្ត​រាយ និង​​ការលើកកម្ពស់​និរន្តរភាព​បរិស្ថាន,​ ៤.ការធ្វើឱ្យទីក្រុង​កាន់តែជាកន្លែង​ដែល​អា​ច​រស់នៅបានល្អ, ៥.ការលើកកម្ពស់​​ការអភិវឌ្ឍជនបទ និងសន្តិសុខស្បៀង, ៦.ការពង្រឹង​អភិ​បា​លកិច្ច និង​សមត្ថភាព​ស្ថាប័ន និង៧.ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ និងសមា​ហ​រណ​កម្មតំបន់។

យ៉ាងហោចណាស់ ៧៥ភាគរយ នៃ​ប្រតិបត្តិការ ដែល ADB បាន​សន្យាថានឹង​អនុវត្ត (គិត​ជាមធ្យម ៣ ឆ្នាំរំកិល រាប់បញ្ចូលប្រតិបត្តិការ​រដ្ឋផង និង​មិនមែនរដ្ឋផង) និង​ផ្ដោតលើការ​លើ​ក​ម្ពស់សមភាព​យេនឌ័រ ត្រឹមឆ្នាំ ២០៣០។ ADB នឹងធានា​យ៉ាងណាឱ្យប្រតិបត្តិការ ៧៥ភាគរយ នៃចំនួនប្រតិបត្តិការ​ដែលខ្លួនបានសន្យានឹង​អនុវត្តន៍ (ជា​មធ្យម ៣ ឆ្នាំរំកិល រាប់​បញ្ចូល​ប្រតិ​បត្តិ​កា​រ​រដ្ឋផង និងមិនមែន​រដ្ឋផង) និងគាំទ្រ​ដល់​ការសម្រាល និងការ​បន្សាំទៅនឹង​ការប្រែប្រួល​អា​កា​សធាតុត្រឹមឆ្នាំ២០៣០។ ហិរញ្ញប្បទាន​អាកាសធាតុពីប្រភពធនធាន​ផ្ទាល់របស់ ADB នឹងមានចំនួនរហូត​ដល់​ ៨០ ប៊ី​លានដុល្លារ សម្រាប់​​រយៈពេលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០។

ក្រប​ខ័ណ្ឌ​លទ្ធផលថ្មីរបស់ស្ថាប័ននេះ ដែលរំពឹងថានឹង​ត្រូវ​រៀបចំរួចរាល់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩ នឹងបញ្ចូល​ចំណុច​ដៅ​បន្ថែមទៀតសម្រាប់​ប្រតិបត្តិជាអាទិភាព​​ផ្សេងៗទៀតរបស់ ADB។

ក្នុងការរៀបចំ​យុទ្ធសាស្ត្រ​ ២០៣០ មានការរៀបចំកិច្ចពិគ្រោះយោបល់យ៉ាងច្រើន​​ជា​មួយ​ក្រុម​តំណាង​អ្នកពាក់ព័ន្ធ​ ដែលជា​សមាជិករបស់ ADB ដូចជា រដ្ឋាភិបាលអភិបាលរបស់ ADB អ្នកជំនាញល្បីៗខាង ការអភិវឌ្ឍ​និង​អង្គការសង្គមស៊ីវិល។ ADB ប្ដេជ្ញាចិត្ត​ដើម្បីបង្កើតនូវ​តំ​បន់អាស៊ី និង​ប៉ាស៊ីហ្វិកប្រកបដោយវិបុលភាព បរិយាបន្ន ភាពធន់ និង​និរន្តរភាព ហើយ​ក្នុងពេលជាមួយគ្នានេះ​ ក៏ខិតខំបន្ត​ធានា​និរន្តរភាព​កិច្ចខិតខំប្រឹង​ប្រែង​របស់ខ្លួន​ក្នុងការលុបបំ​បា​ត់​ភាពក្រីក្រធ្ងន់ធ្ងរផងដែរ​។

គួរបញ្ជាក់ដែរថា ដោយបង្កើតឡើង​ក្នុងឆ្នាំ ១៩៦៦ ធនាគារនេះ ជាកម្មសិទ្ធិ​របស់​ប្រ​ទេ​ស​​ចំនួន ៦៧ ដែល​ក្នុងនោះ​ ៤៨ មកពីតំបន់។ ក្នុងឆ្នាំ ២០១៧ ប្រតិបត្តិការរបស់​ ADB មាន​ទឹក​ប្រាក់សរុប ៣២,២ ប៊ីលានដុល្លារ​ ក្នុងនោះ ១១,៩ ប៊ីលានដុល្លារ ជា​សហហិរញ្ញប្បទាន៕

ដោយ ជឹម ណារី