ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បើកកិច្ចប្រជុំត្រៀមកីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី នាចុងខែសីហានេះ

​AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨–គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបើកកិច្ចប្រជុំមួយ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការរបស់ខ្លួន ដោយដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ ជាមួយតំណាងសហព័ន្ធជាតិចំនួន១៣ ដែលត្រូវចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា អាស៊ី Asian Games នៅប្រទេសឥណ្ឌូណេស៊ី ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ប្រភេទកីឡាដែលត្រៀមចេញទៅកីឡា អាស៊ីឆ្នាំ២០១៨នេះ គឺកម្ពុជារៀបចំ១៣ប្រភេទកីឡា ដែលមានកីឡាករ កីឡាការិនីសរុប ចំនួន៤៣នាក់ និងគ្រូបង្វឹករួមទាំងប្រតិភូ សរុបមានចំនួន៧១នាក់។ ឯកឧត្តមបានបន្ដថា កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើរបៀបរបបផ្សេងៗ ដូចជាត្រូវរៀបចំសម្ភារ សម្លៀកបំពាក់ បច្ចេកទេស ការថែទាំសុខភាព និងការបំពេញបែបបទឯកសារអាជ្ញាប័ណ្ណកីឡាករ ការបង់ វិភាគទានដល់ សហព័ន្ធកីឡាអន្តរជាតិជាដើម។

ឯកឧត្តមអះអាងថា ក្រុមប្រតិភូ កីឡាករ-កីឡាការិនីនឹងត្រូវបានអនុញ្ញាតចូលជួប សម្តែងការគួរសមជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី០៦ ខែសីហានេះ នៅវិមានសន្តិភាព មុនពេលដែលត្រូវចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីនេះ។ ក្រៅពីត្រូវជួបសម្តេចតេជោ ហ៊ុន សែន ប្រតិភូ និងអត្ត ពលិកទាំងអស់ត្រូវជួបជាមួយនឹងថ្នាក់ ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយផ្តោត សំខាន់ក្នុងការពង្រឹងគ្រូបង្វឹកលើប្រភេទកីឡានីមួយៗរបស់កម្ពុជា ត្រួតពិនិត្យឱ្យបានដិតដល់ ចំពោះកីឡាករ កីឡាការិនីទាំងអស់ពីសារធាតុហាមឃាត់ក្នុងវិស័យកីឡាដូពីងជាដើម។

គួរបញ្ជាក់ថា ១៣ប្រភេទកីឡារបស់កម្ពុជាដែលត្រៀមចូលរួមប្រកួតប្រជែងកម្រិត អាស៊ី នៅឥណ្ឌូណេស៊ី ឆ្នាំនេះ សុទ្ធសឹងតែជាវិញ្ញាសាឯកត្តជន ដូចជាកីឡា Jet-Ski, Soft Tennis, ទូកក្តោង កាយសម្ព័ន្ធ អត្តពលកម្ម ហែលទឹក ទូកកានូ យូដូ ការ៉ាត់តេ គុនដាវ និងចំបាប់ជាដើម៕


ដោយ ហេង ណាលីន