ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អនាគតនាយករដ្ឋមន្ត្រីអាណត្តិទី៦ ធ្វើការដាស់តឿន និងដាក់ចេញនូវបទបញ្ជាឱ្យមន្ត្រីទាំងអស់ចុះបម្រើប្រជាជន

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨–​ក្នុងឋានៈជានាយករដ្ឋមន្ត្រីក្នុងតំណែងនៃនីតិកាលទី៥ និងជាអនាគតនាយករដ្ឋមន្ត្រី​អា​ណ​ត្តិទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការដាស់តឿន និងអំពាវ​នាវ ​ក៏ដូច​ជាការដាក់ចេញនូវបទបញ្ជាឱ្យមន្ត្រីទាំងអស់ចុះបម្រើប្រជាជនឱ្យបានល្អជាងមុន ធ្វើឱ្យ​កាន់​តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងបានផលចំពោះប្រជាជនច្រើន​ជា​ង​មុន។

​សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងខណៈអញ្ជើញជួបសំណេះសំណាល​ជា​​​មួយបងប្អូនកម្មករនិយោជិតចំនួនជិត ១៥០០០​នាក់​មក​ពី រោងចក្រសហគ្រាសចំនួន ២៤ ស្ថិត​នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែ​ន​​ជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ​ព្រ​ហ​ស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ​២០​​១៨។ ជាមួយនឹងការជំរុញឱ្យមន្ត្រីទាំងអស់ធ្វើការខិតខំបម្រើប្រជាជនបន្ថែមទៀតនោះ ស​ម្ដេ​​​ច​តេជោថ្លែងថា បន្ទុករាជដ្ឋាភិបាលធ្ងន់មួយជាពីរសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ ដូ​ច្នេះ​ខ្ញុំសូមអំពាវនាវឱ្យសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ ត្រូវខិតខំបម្រើប្រជា​ជន​​​ដោយស្មោះត្រង់បំផុត ត្រូវធ្វើជាខ្ញុំបម្រើប្រជាជនដោយស្មោះត្រង់បំផុត។

ប្រជាជន​បាន​ផ្ដល់​ការជឿទុកចិត្តទៅលើគណបក្សប្រជាជន ដូច្នេះមិនត្រូវរង់ចាំការបង្កើតរដ្ឋាភិបាលហើយ​នោះ​ទេ ចាប់ពីឥឡូវនេះទៅត្រូវបកត្រឡប់ទៅមូលដ្ឋានវិញ បម្រើប្រជាជន ដោះស្រាយ​បញ្ហា​ឱ្យ​ប្រជាជន ដូចជានៅក្នុងពេលនេះតំបន់ខ្លះកំពុងតែលិចលង់ដោយជំនន់ទឹកភ្លៀង ឬដោយ​ជំនន់មេគង្គ។ ប្រជាជនកំពុងត្រូវការសេវាសាធារណៈ ដូច្នេះយើងមិនត្រូវអង្គុយគិតថា​ឈ្នះ​ហើ​យ​ៗ ជិះសេះលែងដៃ ប្រព្រឹត្តអំពើមិនគប្បីណាមួយចំពោះប្រជាពលរដ្ឋនោះទេ។

ខ្ញុំសូមដា​ស់​តឿនក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឋានៈជា នាយករដ្ឋមន្ត្រីក្នុងតំណែង​នៃនី​តិកាលទី៥ និងជាអនាគតនាយករដ្ឋមន្ត្រីនៃអាណត្តិទី៦ ខ្ញុំសូមអំពាវនាវ និងធ្វើការដាស់​តឿ​ន ក៏ដូចជាការដាក់ចេញនូវបទបញ្ជា ឱ្យមន្ត្រីទាំងអស់ ចុះបម្រើប្រជាជន កុំរង់ចាំដល់​ពេល​បោះឆ្នោត ព្រោះគណបក្សប្រជាជនគ្មានទម្លាប់ចាំពេល បោះឆ្នោតបានចេញមុខនោះទេ។
​គួរបញ្ជាក់ដែរថា ចាប់តាំងពីខែសីហា ឆ្នាំ២០១៧ មកដល់ពេលពេលបច្ចុប្បន្ន សម្តេច​តេ​​ជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ៥១​លើ​ក​​ ដោយមានកម្មករ កម្មការិនីចូលរួសរុប ៧០០.២០២នាក់ ហើយការអញ្ជើញចុះ​ជួបសំណេះ​សំ​ណា​ល​ជាមួយកម្មករ កម្មការិនីនេះ ក្នុងបំណងឈ្វេងយល់ពីទុក្ខលំបាករបស់កម្មករ កម្មការិ​នី​ និង​ដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ ជាពិសេសដើម្បីជំរុញគោលនយោបាយ​ឧស្សា​ហ​ក​ម្ម​​​ឱ្យបានកាន់តែប្រសើរថែមទៀត៕

ដោយ ជឹម ណារី