ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តកណ្តាល បិទទ្វារទឹកនៅមាត់ព្រែកមួយចំនួន ដើម្បីការពារផលដំណាំប្រជាកសិករ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ឌី ណេ រូបថត ណារិទ្ធ៖
អាជ្ញាធរខេត្តកណ្តាល បិទទ្វារមុខទឹកនៅតាមបណ្តា ព្រែកមួយចំនួនជាប់ដង​ទន្លេនានា​នៅក្នុង​ខេត្ត​កណ្តាល ដើម្បីអោយប្រជាកសិករប្រមូលផលដំណាំកសិកម្មរបស់ខ្លួនអោយរួចរាល់ ជៀស​វាងរងការខូចខាដោយសារ ទឹកជំនន់ទន្លេមេគង្គ។
លោក ជុន ប៉េងឡុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាលបានប្រាប់វិទ្យុ​ជាតិ​កម្ពុ​ជា នៅថ្ងៃទី២ ខែសីហា ថា អជ្ញាធរខេត្តនឹងបន្តបិទទ្វារទឹក នៅតាមបឹងព្រែកមួយចំនួន នៅជុំវីញ​ភូមិសាស្រ្តខេត្តកណ្តាល រហូតដល់ពាក់កណ្តាលខែសីហា ទើបបើកទ្វារទឹកនេះ​អោយទឹក​ទន្លេ​ហូរ​ចូលទៅតាម បឹង និងព្រែកនីមួយៗវិញ។
លោកបន្តថា ការបិទទ្វារទឹកនេះ ដោយសារតែប្រជាកសិករមួយចំនួន មិនទាន់បានប្រមូល​ផល​ដំ​ណាំកសិកម្មរបស់ខ្លួនរួចរាល់ខ មានដូចជា ដំណាំស្រូវ ល្ពៅ ចេក ពោត សណ្តែក ល្ងរ នឹងដំ​ណាំរួមផ្សំជាច្រើនទៀត ដែលស្ថិតនៅក្នុងស្រុកស្អាង កោះធំ និងស្រុកលើកដែក ជាដើម។ តែ​ទោះ​​​ជាយ៉ាងនេះក្តីលោកថា មកដល់ពេលនេះស្ថានភាពទឹកជំនន់ទន្លេមេគង្គ បានធ្វើអោយ​លិច​លង់តំបន់ទំនាបមួយចំនួនផងដែរហើយបានធ្វើអោយខូចខាតដំណាំមួយចំនួន​នៅតាមភូមិ​របស់​​ពួកគាត់ដូចជា ចេក ខ្នុរ ល្ហុង ផងដែរ។
លោកបានបញ្ជាក់ទៀតថា នៅតាមទំលាប់ភូមិសាស្រ្តខេត្តកណ្តាល គឺជាតំបន់ទំនាប នៃទន្លេ មេ​គង្គ នៅពេលរដូវទឹកឡើង យើងតែងតែបើកអោយទឹកចូលដើម្បីបំពេញទៅតាមបឹង ព្រែក និង​អាងទឹកនីមួយៗ នៅពេលខែ១១ឬខែ១២យើងនឹងបិទអាងទឹកទុកវិញទាំងអស់ សំរាប់ការងារ​ស្រោច​ស្រប់សំរាប់ស្រូវប្រាំង នឹងដំណាំអនុផលផ្សេងៗ ។
លោកបាន​អោយដឹង​ទៀតថា ទោះបីជាស្ថានភាពទឹកជំនន់នៅខេត្តកណ្តាល មិនទាន់ហក់ឡើង​ខ្ពស់ខ្លំាងពោលគឺត្រឹមតែកម្ពស់៩ម៉ែតក៏ដោយ ប៉ុន្តែរប្រជាពលរដ្ឋទាំងអស់ក៏​ត្រូវតែយកចិត្ត​ទុក​ដាក់ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតពិសេស ជនចាស់ជរា ក្មេងៗ ត្រូវការពារពួកគាត់​អោយ​នៅឆ្ងាយពីទឹក ដើម្បីបង្ការបញ្ហានានា ដែលកើតមានពីជំនន់ទឹកទន្លេមេគង្គ ដោយសារ​តំបន់​ខាង​លើ មានការជន់លិចខ្លាំង ហើយអាចជន់ហូរមកដល់ខេត្តកណ្តាលនេះ ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងែ​ទៀត៕