ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

៤ក្រុម ឈ្នះនៅជើងទី១ ពានរង្វាន់សម្តេចតេជោហ៊ុន សែន ២០១៨

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨–ក្រុមចំនួន៤ ដែលស្វែងរកបាននូវជ័យជម្នះនៅជើងទី១ កាលពីល្ងាចថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨ រួមមាន ក្រុមណាហ្គាវើល ព្រះខ័នរាជស្វាយរៀង អគ្គស្នងការ ដ្ឋាននគរបាលជាតិ និងភ្នំពេញក្រោន ដែលធ្វើសម្រេចលើគូប្រកួតរៀងៗខ្លួនដូចៗគ្នា វគ្គ៨ក្រុមចុងក្រោយ នៃ ព្រឹត្តិការណ៍កីឡាបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០១៨។

ក្រុមណាហ្គាវើល ដែលទទួលបានជ័យជម្នះនៅជើងទី១នេះគឺឈ្នះលើក្រុមបឹងកេត ដោយ លទ្ធផល បច្ចេកទេស ២ទល់០ នៅកីឡដ្ឋានស្តាតចាស់។ ២គ្រាប់ជ័យជម្នះរបស់ក្រុម ណាហ្គាវើលធ្វើសម្រេចដោយកីឡា ករ រុន រ៉ានី នៅនាទី៤៥ បូក២ និងកីឡាករ សារី ម៉ាក់ណូ រ៉ូទីន ខណៈខ្សែប្រយុទ្ធរបស់បឹងកេតមានឱកាសច្រើនដងដែរ ប៉ុន្តែធ្វើមិបានសម្រេចទី ឡើយ។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ ក្រសួងការពារជាតិដោយ លទ្ធផល ២ទល់១ នៅកីឡដ្ឋានស្តាតចាស់ដែរ ដោយ២គ្រាប់របស់ព្រះខ័នរាជស្វាយរៀង ធ្វើសម្រេចដោយកីឡាករ ហួយ ផល្លី​ន និងសារ៉េត គ្រី​យ៉ា ស្របពេលដែល១គ្រាប់ របស់ក្រសួងការពារជាតិរកបានដោយកីឡាករ សុខ ហៀ​ង។

រីឯ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​យកឈ្នះ​លើ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ដោយ​ ៣​ទល់​០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។ កីឡាករ​ជ័យ ចិ​ត្រា រកបាន​២​គ្រាប់​ម្នាក់ឯង និង​កីឡាករ សួស ចិ​ន្ថា ធ្វើសម្រេចបាន​១​គ្រាប់បន្ថែម។ ដោយឡែក​ភ្នំពេញ​ក្រោ​នបាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៣​ទល់​០ ដែរ​លើ​​កីឡដ្ឋាន​ខេត្តសៀមរាប​ ដោយ៣​គ្រាប់​របស់​ភ្នំពេញ​ក្រោ​នរកបាន​ដោយ​កីឡាករ ប្រាក់ ធី​វ៉ា ២​គ្រាប់​និង​កីឡាករ អ៊ិន សុដាវី​ត រកបាន​១​គ្រាប់​។

គួររម្លឹកថា ៤ប្រកួតនេះនឹងត្រូវប្តូរទឹកដីគ្នាម្តងទៀត នៅជើងទី២ ដែលគ្រោងនឹងប្រកួត នាថ្ងៃ ពុធ ទី០៨ ខែ សីហា សប្តាហ៍ក្រោយនេះ ដើម្បីកាត់សេចក្តីថាតើ៤ក្រុមខ្លាំងៗណាខ្លះ ឡើង ទៅប្រកួតបន្តនៅវគ្គ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៨នេះ៕


ដោយ ហេង ណាលីន