ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងកសិកម្មត្រៀមអន្តរាគមន៍ជួយសង្រ្គោះ ជំងឺឆ្លងសត្វពាហនៈនៅខេត្តដែលកំពុងរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖

ក្រសួងកសិកម្មប្រកាសត្រៀមអន្តរាគមន៍ជួយសង្គ្រោះ រាល់ជំងឺឆ្លងនានាជាបន្ទាន់ដែលកើតឡើង លើ សត្វពាហនៈដែលកំពុងផលប៉ៈពាល់ដោយជំនន់ទន្លេមេគង្គដើម្បីការពារកុំអោយសត្វរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ផ្នែកសុខភាពឬរងាប់។

ឯឧ. សេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១ ខែសីហានេះថា មន្រ្តីជំនាញកំពុងតាមដានបញ្ហាជំនន់ទឹក ទន្លេមេគង្គនៅក្នុងខេត្តចំនួន៤ដូចជាខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះរាល់ជម្ងឺរាតត្បាតនានាដែលកើតឡើងលើសត្វពាហនៈរបស់ប្រជាពលរដ្ឋ។

ឯឧ.បានបញ្ជាក់ថា បញ្ហាជំនន់ទឹកទន្លេមេគង្គលើមកដល់ពេលនេះ ទោះបីបានជន់លិចធ្ងន់ធ្ងរ យ៉ាងណាក៏ដោយ ប៉ុន្តែមិនបង្កការរំខានឬជម្ងឺរាតត្បាតនានាដល់សត្វគោក្រីឡើរបស់ប្រជាពលរដ្ឋនៅឡើយទេ។

ឯឧ.បានបញ្ជាក់ថា មន្ទីរកសិកម្មខេត្តរួមទំាងមន្រ្តីពេទ្យសត្វឃុំ បានជម្លៀសគោក្របី និងសត្វ ពាហនៈមួយចំនួនទៀតរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិ ភាព រួមទំាងផ្តល់ចំណីសត្វនិងចាក់ថ្នាំបង្កាទៅដល់សត្វគោ ក្របីដោយពុំមានការបង់ប្រាក់ឡើយមានដូចជា ជំងឺអុតក្តាម ជំងឺសារទឹក បុស្សខ្យល់ដែលជាប្រភេទបាក់តេរីកាចសាហាវ ដែលតែងតែកើតមាននៅលើសត្វគោក្របីនារដូវទឹកតម្លើង។

សូមបញ្ជាក់ថា នៅក្នុងរដូវទឹកជំនន់ឆ្នាំ២០១៨នេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និនេសាទ បាន ត្រៀមថ្នាំវ៉ាក់សំាងការពារជំងឺសារទឹកដល់គោក្របីចំនួនជាង១លាន២សែនអំពូល បុស្សខ្យល់ជាងកន្លះលានអំពូល និងវ៉ាក់សំាងអុតក្តាមមានជាង២សែនអំពូល ដោយបានបែងចែកទៅកាន់ការិយាល័យកសិកម្មសុ្រកនៅទូទំាងប្រទេសហើយចុះចាក់គោក្របីជូនប្រជាពលរដ្ឋ តាំងខែមិថុនាមក៕