ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្ថានីយ៍បូមទឹកបុរី ១០០ខ្នង ចាប់ផ្តើមបំពាក់ម៉ូទ័របូមទឹក គ្រោងបើកឲ្យដំណើរការ នៅពាក់កណ្តាលខែសីហានេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ

រាជធានីភ្នំពេញ៖ ការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកបុរី ១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាន និងកំពុង តម្លើងម៉ូទ័របូមទឹក ដែលអាចដំណើរការនៅពាក់កណ្តាលខែសីហា ដើម្បីបូមទឹករំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ស្ថានីយ៍បូមទឹក១០០ខ្នងឥឡូវនេះ ម៉ូទរ័ មួយគ្រឿង បានដាក់អោយដំណើរការបូមជាណ្តោះអាសន្ន ហើយនៅថ្ងៃទី១៥ សីហាខាងមុខនេះ និងដាក់ឱ្យដំណើរការម៉ូទ័រទាំងអស់តែម្តង ។មន្ត្រីដដែល បានឲ្យដឹងទៀតថា ការសាងសង់ស្ថានីយ៍បូមទឹកថ្មីបុរី១០០ខ្នងនេះគឺ ដើម្បីដោះស្រាយទឹកលិចនៅតំបន់បុរី១០០ខ្នង តំបន់ចន្លោះប៉ែកខាងជើង មហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវហាណូយ ផ្លូវរថភ្លើង និងផ្លូវ៥៩៨។ ស្ថានីយនេះនឹង មានសមត្ថភាពបូមទឹកចេញ បាន២,៧៨ម៉ែត្រគូបក្នុង១វិនាទី ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនាស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែង គឺស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍បូមទឹកព្រះពន្លា ដែលសុទ្ធតែមានសមត្ថភាពបូមទឹក កើន៣ដង ធៀបនឹងសមត្ថភាពបូមទឹកចាស់ ។ រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់ស្ថានីយ៍បូមទឹក ចំនួន២កន្លែងទៀត គឺស្ថានីយ៍បូមទឹកបុរី១០០ខ្នងនេះ និងស្ថានីយ៍បូមទឹកលូ៥ ដើម្បីបង្កើនសមត្ថភាពបូមរំដោះការជន់លិចក្នុងរាជធានីភ្នំពេញតែម្តង ៕