ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អគ្គលេខាធិការរដ្ឋានរដ្ឋសភាត្រៀមជាស្រេចក្នុងការរៀបចំប្រជុំសភានីតិកាលទី៦ជាលើកដំបូង

វិទ្យុជាតិកម្ពុជា ៖ អត្ថបទលោកចេម ហួត រូបថត លោក ចន ណារិទ្ធ៖

ភ្នំពេញ៖អគ្គលេខាធិការរដ្ឋានរដ្ឋសភាត្រៀមលក្ខណៈរៀបចំប្រជុំរដ្ឋសភានីតិកាលទី៦ជាលើកដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានប្រាប់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី២ ខែសីហានេះថា មន្ត្រីជំនាញកំពុងមមាញឹកកែលំអរសាលប្រជុំរដ្ឋសភាឲ្យបានស្អាត និងកន្លែងការិយាល័យអ្នកតំណាងរាស្រ្តទាំង១២៥រូបឲ្យបានសមរម ។ ជាមួយគ្នានោះមន្ត្រីជំនាញរដ្ឋសភាគ្រោងនឹងបើកកិច្ចពិភាក្សាលំអិតជាមួយនឹងសម្តេចចៅហ្វាវាំងវរវាំងជ័យធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងទាំងផ្នែកពិធីការ បច្ចេកទេស និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធដើម្បីឲ្យដំណើរការកិច្ចប្រជុំនេះដំណើរការដោយរលួន។

ឯកឧត្តមបញ្ជាក់ថា ការរៀបចំត្រៀមលក្ខណៈនេះ ដើម្បីឲ្យសាកសមទៅនឹងព្រះកិត្តិនាមដ៏ ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ និងជាការឲ្យតម្លៃខ្ពស់ទៅលើប្រជាពលរដ្ឋទូទាំងប្រទេសជាម្ចាស់ឆ្នោតព្រោះសមាជិកសភាទាំងអស់ជាតំណាងឲ្យប្រជាជនទូទាំងប្រទេស។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងចំនួនអសនៈក្នុងរដ្ឋសភានីតិកាលទី៦នេះ មានចំនួន១២៥ ហើយតាមការគ្រោងទុក គ.ជ.ប និងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនីតិកាលទី៦នេះនៅថ្ងៃទី១៥ ខែសីហាខាងមុខនេះ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានឹងកោះប្រជុំតំណាងរាស្រ្តជាប់ឆ្នោតទាំង១២៥រូបដើម្បីប្រជុំរដ្ឋសភាជាលើកដំបូងនៅក្នុងអំឡុងពាក់កណ្តាល់ខែកញ្ញាឆ្នាំ២០១៨ខាងមុខនេះ។

យោងតាមរដ្ឋធម្មនុញ និងច្បាប់បោះឆ្នោត បន្ទាប់ពីមហាក្សត្រកោះប្រជុំតំណាងរាស្រ្តជាលើកដំបូងរួចរាល់ហើយនោះ រដ្ឋសភានឹងបន្តសម័យប្រជុំសភាដែលដឹកនាំដោយព្រឹទ្ធសមាជិកសភាដែលមានអាយុច្រើនជាងគេដើម្បីបន្តនីតិវិធី និងដឹកនាំសមាជិករដ្ឋសភាទៅស្បថចូលកាន់តំណែងនៅព្រះមរមរាជវាំង៕