ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីការបរទេសវៀតណាមជួបជាមួយបណ្តាសមភាគីនៅក្នុងតំបន់ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំ AM M លើកទី ៥១

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃទី១ ខែសីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបជាមួយសមភាគីរបស់លោកមកពីកូរ៉េខាងត្បូង ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ (AMM-51) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅប្រទេសសិង្ហបុរី ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-hwa លោក Minh បានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ទៅកាន់ប្រទេសវៀតណាមកាលពីខែមីនា ឆ្នាំ ២០១៨ កន្លងទៅ។

លោកបានឆ្លៀតឱកាសនេះម្តងទៀត ដើម្បីរំលឹកឡើងវិញនូវការអញ្ជើញឱ្យមេដឹកនាំកូរ៉េខាងត្បូងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅវៀតណាមក្នុងខែកញ្ញាខាងមុខនេះ។
លោក Minh បានអបអរសាទរដល់កិច្ចព្រមព្រៀងដែលសម្រេចបាននៅឯកិច្ចប្រជុំថ្មីៗនេះ រវាងមេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏ដូចជាកិច្ចប្រជុំរវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិកផងដែរ។

លោកបានសង្កត់ធ្ងន់ថា វៀតណាមមានឆន្ទៈសម្របសម្រួល និងលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការ និងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ក្នុងគោលបំណងដើម្បីធានាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

លោកស្រី Kang បានកត់សម្គាល់ថា វៀតណាមជាដៃគូដ៏ធំបំផុតរបស់កូរ៉េខាងត្បូងនៅក្នុងតំបន់ អាស៊ាន ហើយលោកស្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម និងសង្ឃឹមថា វៀតណាមនឹងនៅគាំទ្រសន្តិភាព និងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េជាបន្តទៀត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)