ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងត្បូងនឹងចូលរួមកិច្ចចរចាថ្នាក់រដ្ឋមន្រ្តីការបរទេសជាមួយ ប្រទេសចិន ជប៉ុន និងរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ — ពួកមន្រ្តីក្រសួងការបរទេសរបស់លោកស្រីបាននិយាយថា រដ្ឋមន្រ្តីការបរទេស​កូរ៉េ​ខាង​ត្បូងលោកស្រី Kang Kyung-wha នឹងចូលរួមកិច្ចពិភាក្សាការទូតតុមូលទ្វេភាគី​មួយនៅ​ទីក្រុង​សិង្ហបុរី ដោយរួមមានប្រទេសចិន ជប៉ុន និងរុស្ស៊ី នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ចំពេល​ដែល​វេទិកាក្នុងតំបន់ប្រចាំឆ្នាំ ដែលបានរៀបចំដោយសមាគមន៍ប្រជាជាតិអាស៊ីភាគអាគ្នេយ៍​(ASEAN)។
លោកស្រីគ្រោងនឹងធ្វើកិច្ចចរចាតទល់គ្នាជាមួយសមភាគីចិន ជប៉ុន និងរិស្ស៊ីរបស់​លោក​ស្រីនារសៀលថ្ងៃនេះ ដោយរាល់អ្នកដែលចូលរួមទាំងនោះគ្រោងនឹងចូលរួមវេទិកា​ក្នុងតំបន់​អាស៊ាន(ARF)ដែលបានគ្រោងធ្វើនាថ្ងៃសៅរ៍ខាងមុខនេះ។

តាមលោកស្រីបានឱ្យដឹងថា ដូចសព្វមួយដង របៀបវារៈកំពូលគឺបញ្ហាកូរ៉េខាងជើង។ ការផ្តោតសំខាន់គឺទៅលើមធ្យោបាយនានាក្នុងការឆ្ពោះទៅរកការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅកូរ៉េខាងជើង និងការលើកកម្ពស់របបសន្តិភាពមួយ។​ កិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីកិច្ច​សហ​ប្រតិបត្តិការអន្តរជាតិរបស់ប្រទេសភូមា លោក Kyaw Tin នៅទីក្រុងសិង្ហបុរី​កាលពីថ្ងៃពុធ​កន្លងមកនោះដែរ លោកស្រី កាង បានគូសបញ្ជាក់ថា ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ គឺជា​ដំណើរ​ការដែលស្មុគស្មាញបំផុត បើទោះបីជាការរំពឹងយ៉ាងខ្ពស់ដែលបានជំរុញដោយសារ​បរិយាកាស​សន្តិភាពនាពេលបច្ចុប្បន្ននេះក៏ដោយ។

លោកស្រីបានសង្កត់ធ្ងន់ថា ប្រព័ន្ធសន្តិភាពមួយសម្រាប់ការធានាដល់សន្តិសុខ​ដែល​កូរ៉េខាងជើងចង់បាននោះ នឹងត្រូវបានគេពិភាក្សាគ្នា​ជាបន្តបន្ទាប់ជាមួយនឹងការធ្វើមិនឱ្យមាន​នុយក្លេអ៊ែរ។ ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីងតោន បានព្រមព្រៀងគ្នាក្នុងការស្វែងរកការបញ្ចប់​ការ​​ធ្វើមិនឱ្យមាននុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ ក្នុងការវិលត្រឡប់ទៅរកវិធានការស្ថាបនា​សន្តិភាព ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងសិង្ហបុរីរបស់ពួកគេ កាលពីខែមិថុនាកន្លង​ទៅ។ ប៉ុន្តែពួកគេបានបណ្តុះរួមគ្នាទៅវិញទៅមកនៅលើជំហានស្ថាបនាជាបន្តបន្ទាប់។
ដោយគូសបញ្ជាក់ពីការគាំទ្រពីប្រទេសចិន ជប៉ុន និងរុស្ស៊ីនោះ គឺមានសារៈសំខាន់​នៅក្នុង​ដំណើរការសន្តិភាព ដែលបានផ្តូចផ្តើមគំនិតដោយរដ្ឋបាលរបស់លោកមូន ចា-អ៊ិន៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )