ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីការបរទេសកាណាដាបញ្ជាក់អំពីបំណងក្នុងការបង្កើនទំនាក់ទំនងជាមួយអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Chrystia Freeland បាននិយាយថា ប្រទេសកាណាដាដែលជាប្រជាជាតិមួយនៅតំបន់ប៉ាស៊ីហ្វិក មានមោទនភាពក្នុងការឈរជាមួយបណ្តាប្រទេសជាដៃគូនៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញសន្តិភាព សន្តិសុខ និងភាពរុងរឿង សម្រាប់ប្រជាជនក្នុងតំបន់ និងទូទាំងពិភពលោក។

លោកស្រី Freeland បាននិយាយនៅមុនពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអាស៊ាន-កាណាដា និងវេទិកាតំបន់អាស៊ាន (ARF) ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែសីហា ថា ប្រទេសកាណាដា នឹងបន្តធ្វើការងាររួមគ្នា ដើម្បីការពារ និងលើកកម្ពស់តម្លៃ ព្រមទាំងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់នាយកដ្ឋានកិច្ចការសកលរបស់កាណាដាបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរូបនេះនឹងជួបជាមួយបណ្តាសមភាគីមកពីទ្វីបអាស៊ី និងជុំវិញពិភពលោក ដើម្បីជំរុញអាទិភាពរបស់កាណាដា និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ស្តីពីបញ្ហានយោបាយ និងសន្តិសុខ ដូចជាការគំរាមកំហែងដែលធ្វើឡើងដោយកូរ៉េខាងជើង អំពើហិង្សាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា នៅ មីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្សផងដែរ។

លោកស្រីមានគម្រោងនឹងផ្តល់នូវការបង្រៀននៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៅថ្ងៃទី២ ខែសីហា នៅប្រទេសសិង្ហបុរីផងដែរ។ វិទ្យាស្ថាននេះ គឺជាវេទិកាមួយសម្រាប់អ្នកដឹកនាំមកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងបញ្ហាភូមិសាស្រ្តនយោបាយ។ នៅក្នុងសុន្ទរកថា លោកស្រីនឹងនិយាយអំពីរបៀបដែលប្រទេសកាណាដារួមជាមួយដៃគូរបស់ខ្លួននៅអាស៊ី និងនៅជុំវិញពិភពលោកអាចគាំទ្រ និងបន្តបទបញ្ជាតាមច្បាប់អន្តរជាតិ។

ប្រទេសកាណាដាបានបង្កើតទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ានក្នុងឆ្នាំ ១៩៧៧ និងជាសមាជិកស្ថាបនិកនៃ ARF ដែលជាវេទិកាការពារពហុភាគី និងការពារជាតិនៅតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)