ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កងទ័ពស៊ីរីចាប់យកបានទីក្រុងចុងក្រោយដែល IS កាន់កាប់នៅដារ៉ាអា

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ — ទូរទស្សន៍រដ្ឋរាយការណ៍ថា កាលពីថ្ងៃពុធ យោធាស៊ីរីបានចាប់យកទីក្រុង ​Qusair ដែលរដ្ឋអ៊ីស្លាម ( IS ) កាន់កាប់នៅក្នុងទីជនបទភាគពាយ័ព្យនៃខេត្តដារ៉ាអា ក្នុងប្រទេសស៊ីរីភាគខាងត្បូង ។
ជាមួយការចាប់យកបាន ​Qusair នេះតំបន់ដីសណ្ត Yarmouk ទាំងមូលដែលស្ថិតនៅក្រោមការត្រួតត្រារបស់ IS ត្រូវចាប់យកបានមកវិញដោយយោធា ។ ទូរទស្សន៍នេះបាននិយាយថា កងកម្លាំងយោធាឥឡូវនេះ កំពុងតាមប្រមាញ់​ពួកយុទ្ធជន ​IS ដែលនៅសេសសល់ ដែលបានភៀសខ្លួនចេញពីការប្រយុទ្ធ ។ ការជឿនលឿនខាងយោធា នឹងមានន័យថា ការប្រកាសពីជោគជ័យនៅដារ៉ាអា ក្បែរព្រំដែនប្រទេសហ្សកដានី នឹងត្រូវគេធ្វើក្នុងពេលឆាប់ៗនេះ ។

យោធាបានបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយនៅដារ៉ាអា កាលពីថ្ងៃទី១៩ ខែមិថុនា ដោយចាប់យកបានតំបន់ទាំងនោះតាមរយៈសកម្មភាពយោធាឬ កិច្ចព្រមព្រៀងផ្សះផ្សាគ្នាដែលរុស្ស៊ីគាំទ្រដែលអនុញ្ញាតឱ្យពួកឧទ្ទាម ដែលបដិសេធមិនរស់នៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ដែលពួកឧទ្ទាមកាន់កាប់ក្នុងប្រទេសស៊ីរីភាគខាងជើង ។

ការជឿនលឿននេះក៏មានន័យផងដែរថា កងកម្លាំងយោធាបានធានាដល់ផ្នែកភាគនិរតី នៃតំបន់ភាគខាងត្បូង នៅពេលដែលយោធាកំពុងចូលទៅកាន់តំបន់ក្នុងខេត្ត Quneitra ដែលនៅក្បែរខាងនៅក្រោមកិច្ចព្រមព្រៀងមួយដែលរុស្ស៊ី គាំទ្រដែលបានធ្វើជាមួយពួកឧទ្ទាមកាលពីចុងខែកន្លងទៅ ។

ដោយជាកន្លែងកំណើតនៃសង្គ្រាមស៊ីរី ដែលបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ នោះ ដារ៉ាអា មានសារសំខាន់ទាំងខាងនិមិត្តរូប និងខាងយោធាសម្រាប់កងទ័ពស៊ីរី ពីព្រោះពួកឧទ្ទាមបាននឹងកំពុងប្រើប្រាស់ ព្រំដែនហ្សកដានី ដើម្បីនាំយកគ្រឿងសព្វាវុធនិងពួកយុទ្ធជនចូលនៅទូទាំងសង្គ្រាមស៊ីរី ។

Quneitra ស្ថិតនៅលើព្រំដែនជាមួយខ្ពង់រាបហ្គោឡង់ ។ ដើម្បីធានាដល់តំបន់ភាគខាងត្បូងទាំងមូលនោះកងទ័ពស៊ីរី ត្រូវបោសសំអាតតំបន់តូចៗ ដែលត្រួតត្រាដោយ IS នៅក្នុងទីជនបទភាគខាងកើតរបស់ស្វេដា ក្នុងប្រទេសស៊ីរីភាគខាងត្បូង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )