ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចក្រឡាហោម អំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងអ្នកនយោបាយ សូមកុំលាបពណ៌​ដាក់គ្នាក្រោយ​ការបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖
រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់​លំ​ដាប់​ថ្នាក់ និងគ្រប់គណបក្សនយោបាយ មេត្តាកុំធ្វើការចោទប្រកាន់ ឬលាបពណ៌គ្នា​ទៅវិញ​ទៅ​មក រវាង​អ្នកបានទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត ។
ក្នុងគេហទំព័រ ផេកហ្វេសប៊ុក របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រី​​​​ក្រសួងមហាផ្ទៃ បានសសេរថា ៖ ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាង​រាស្ត្រនី​តិកាល​ទី៦ ឆ្នាំ​២០១៨កន្លងទៅ នេះបានបង្ហាញដល់ពិភពលោក ឲ្យឃើញពីការចូលរួម​របស់ប្រជា​រាស្ត្រ​​​​ខ្មែរ​ច្រើន​កុះករ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និង គណបក្ស នយោ​​បាយ​ទាំង​អស់ ដែលមានភាពចាស់ទុំខាងនយោបាយ បានធ្វើឲ្យដំណើរការបោះឆ្នោត ប្រកប​ដោយ​សុវត្ថិ​ភាព សេរី ត្រឹមត្រូវ និង យុត្តិធម៌ ។
ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ ច្រើនជាង៨២ភារយ នៃ​អ្នកមានឈ្មោះបោះឆ្នោត នា​ពេល​​​​កន្លងមក បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរ​បាន​យល់​​ដឹង​ច្បាស់ និង បានប្រើប្រាស់​សិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មកពី​គណ​បក្សនយោបាយនានា ដែល​ខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ ។

គេហទំព័រដដែល បានបញ្ជាក់ថា ក្នុងបរិបទនេះដើម្បីបន្ត និង ពង្រឹង ដំណើរការលទ្ធិ​ប្រជាធិប​តេ​យ្យ ក៏ដូចជា ការ បង្រួបបង្រួម និង ឯកភាពជាតិខ្មែរ ខ្ញុំសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ និង គ្រប់គណបក្សនយោបាយ មេត្តាកុំធ្វើការ ចោទប្រកាន់ ឬ លាបពណ៌ គ្នា​ទៅ​វិញទៅមក រវាងអ្នកបានទៅបោះឆ្នោត និង អ្នកមិនបានទៅបោះឆ្នោត ហើយត្រូវចាត់ទុកថា ជោគ​ជ័យ នេះគឺជាជោគជ័យរបស់ជាតិខ្មែរទាំងមូល ៕