ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោបន្តបេសកកម្មលើកទី៥១ ក្នុងការជួប​សំណេះ​សំណាល​ជាមួយ​កម្មករ និយោជិត ក្រោយការបោះឆ្នោត

AKP ភ្នំពេញ ថ្ងៃទី០២ ​ខែសីហា ឆ្នាំ២០១៨ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន បាន​បង្ហាញ​វត្ត​មានជាលើកទីពីរ បន្ទាប់ពីការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក្នុងការចុះ​ជួប​សំណេះសំណាល​ជា​មួយបងប្អូនកម្មករ និយោជិតប្រមាណ ១៤.៦៩៧នាក់ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅ​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្ដម  អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង​ថា ​កម្មករ និយោជិត ដែលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅ​ថ្ងៃនេះ មាន​ចំនួន ១៤.៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន ២៤ នៅក្នុងខណ្ឌ​ពោធិ៍សែនជ័យ ដែ​លក្នុនោះ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២១, រោងចក្រ​ផលិត​ស្បែកជើងចំនួន២ និង​រោងចក្របោក​គក់​ចំនួ​ន១ ហើយចំពោះផលិតផលទាំងអស់ ដែល​ផលិតបានត្រូវបាននាំចេញ ទៅកាន់​ទីផ្សារ​អន្តរ​ជា​តិ និងផ្គត់ផ្គង់​ទីផ្សារក្នុង​ប្រទេស។ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា   បច្ចុប្បន្នរាជធានីភ្នំពេញ មាន​រោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ៤.៤៥៣ មានកម្មករ និយោជិតចំនួន ៧៧២.​៨​៣​៦នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១.៨៥៥លានដុល្លារអាម៉េ រិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៦៨៨ មានកម្មករ និយោជិតចំនួន ៤០​៨.២៣៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៩៧៩លាន ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។

គួរបញ្ជាក់ដែរថា ចាប់តាំងពីខែសីហា ឆ្នាំ២០១៧ មកដល់ពេលពេលបច្ចុប្បន្ន សម្តេច​តេ​ជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ៥១​លើ​ក​ ដោយមានកម្មករ កម្មការិនីចូលរួសរុប ៧០០.២០២នាក់ ហើយការអញ្ជើញចុះ​ជួប​សំណេះ​សំ​ណា​ល​ជាមួយកម្មករ កម្មការិនីនេះ ក្នុងបំណងឈ្វេងយល់​ពីទុក្ខលំបាក​របស់​កម្មករ កម្មការិនី និង​ដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ ជាពិសេសដើម្បីជំរុញ​គោលនយោបាយ​ឧស្សា​ហ  ក​ម្ម​ឱ្យបានកាន់តែប្រសើរថែមទៀត៕

ដោយជឹម ណារី