ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយចាប់ផ្តើម ជើងទី១ នៅរសៀលថ្ងៃពុធនេះ

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨—ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល ២០១៨ វគ្គ៨ក្រុមចុងក្រោយនឹងត្រូវដំណើរការទាំង៤ប្រកួត សម្រាប់ការប្រកួត ជើងទី១ នារសៀលថ្ងៃពុធ ទី០១ ខែសីហានេះ នៅទីលានកីឡដ្ឋានចំនួន៣ផ្សេងៗពីគ្នា។

យោងតាមលទ្ធផលចាប់ឆ្នោតជ្រើសរើសគូប្រកួត កាលពីថ្ងៃចន្ទដើមសប្តាហ៍មុនរបស់គណៈ កម្មការ បាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹង ថា ៨ក្រុមដែលបានឡើង មកដល់វគ្គ១/៤នេះ គឺក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺ នឹងត្រូវជួបប្រកួត ជាមួយក្រុមភ្នំពេញក្រោន នៅកីឡដ្ឋានខេត្ត សៀមរាប ខណៈក្រុមអគ្គស្នងការដ្ឋាននគរបាល ជាតិប៉ះជាមួយក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ នៅកីឡដ្ឋានជាតិ ស្របពេល ដែល២ប្រកួតដ៏ជក់ចិត្ត ណាហ្គាវើលប៉ះជាមួយបឹងកេត វេលាម៉ោង ៣និង៣០ នាទីរសៀល និងក្រសួងការពារជាតិនឹងត្រូវប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង ៦និង៣០ នាទីល្ងាច នារសៀលថ្ងៃទី០១ ខែសីហានេះ នៅកីឡដ្ឋានមជ្ឈមណ្ឌលហ្វឹកហ្វឺន កីឡាកងយោធពលខេមរភូមិន្ទ ឬស្តាតចាស់ដូចគ្នា។

៤ប្រកួតនេះ នឹងត្រូវប្តូរទឹកគ្នាម្តងទៀត សម្រាប់ការប្រកួតនៅជើងទី២ នាសប្តាហ៍ក្រោយ ដើម្បីកាត់សេចក្តីថា តើ៤ក្រុម ខ្លាំងៗណា ខ្លះដែលកក់កៅអីសម្រាប់វគ្គ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាបន្តទៀត។
គួររម្លឹកថា ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចតេជោ
ហ៊ុន សែន រដូវកាល ២០១៨ នេះ ត្រូវបានចែកចេញជា២កម្រិត ដោយកម្រិតទី១ ហៅការប្រកួតពានរង្វាន់ថ្នាក់ខេត្ត ដែលគ្រប់ក្រុមនៅតាមបណ្តាខេត្តទូទាំងប្រទេសបានចូលរួម​ និងកម្រិតទី២ ហៅថា ពានរង្វាន់ ថ្នាក់ជាតិ គិតត្រឹមវគ្គ១៦ក្រុម ដែល៤ ក្រុមបានមកពីបណ្តាក្រុមដែលបានឡើងដល់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ថ្នាក់ខេត្ត បូករួមទាំងក្រុមទាំង១២ ដែលឈរនៅក្នុងក្រប ខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨នេះ៕

ដោយ ហេង ណាលីន