ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រឹត្តិការណ៍ជើងឯកកីឡាសីដក់ថ្នាក់ជាតិ ឆ្នាំ២០១៨ គ្រោងចាប់ផ្តើមពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះតទៅ

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨–ព្រឹត្តិការណ៍កីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨នឹងត្រូវដំណើរការប្រកួត ជាផ្លូវការ នាថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែសីហា ដើមសប្តាហ៍ក្រោយនេះហើយ នៅពហុកីឡដ្ឋាន ជាតិ ដោយត្រូវបានចែកចេញជាពីរក្របខ័ណ្ឌ គឺក-១ និងក-២ សម្រាប់ផ្នែកបុរស។

លោក ជាតិ ខេមរា គ្រូបង្វឹកសហព័ន្ធកីឡាសីដក់ និងសីឈិនឡូនកម្ពុជាបានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៨នេះ មានវិញ្ញាសាដាក់ឱ្យកីឡាករ កីឡាការិនីមកពី បណ្តាក្លិបនានាទូទាំងប្រទេស ដូចបណ្តាឆ្នាំមុនៗដែរ ដោយមានចែក ចេញជាវិញ្ញាសា ផ្នែកបុរស ២នាក់ទល់២នាក់ និង៣នាក់ទល់៣នាក់។

រីឯផ្នែកនារីមាន ២នាក់ទល់២នាក់ និង៣នាក់ទល់នឹង៣នាក់ដែរ ប៉ុន្តែផ្នែកបុរសមានចែកចេញជា២កម្រិត គឺក្របខ័ណ្ឌក១ និង ក្របខ័ណ្ឌក២ ដែលក្របខ័ណ្ឌក-១ មានពី៦ ទៅ៨ក្រុម ដែលគ្រោងនឹងចូលរួមប្រកួតប្រជែង មេដាយ និងក្របខ័ណ្ឌក២ ដែលមានចន្លោះពី២០ ទៅ៣០ក្រុម ដែលភាគច្រើនក្រុមដែល លេងក្នុងកម្រិត២នេះ គឺមកពីតាមបណ្តាខេត្ត។ លោកបានបន្ថែមថា ”ក្នុងនាមសហព័ន្ធសូម អំពាវនាវដល់កីឡាករ កីឡាការិនី ជាពិសេស យុវជនសូមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ នេះឱ្យច្រើនកុះករ ដើម្បីសហព័ន្ធមានលទ្ធភាពស្វែងរកអត្តពលិកខ្លាំង ត្រៀមចូលរួមក្នុងក្រុម ជម្រើសជាតិ ដោយក្រុមជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ពីសហព័ន្ធ និងពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសម្ភារផ្សេងៗជាច្រើនផងដែរ”។

គួរបញ្ជាក់ថា តាមរយៈការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ ដែលមាន២ក្របខ័ណ្ឌ នោះ ក៏ជាឱកាសរបស់សហព័ន្ធជំនាញមួយនេះ ក្នុងការសម្រិតសម្រាំងរកកីឡាករ កីឡាការិនី ប្រកបដោយគុណភាព ដើម្បីជ្រើសរើសចូល ក្នុងក្រុមជម្រើសជាតិត្រៀមព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសសហព័ន្ធសហព័ន្ធកីឡាសីដក់ និងសីឈិនឡូន កម្ពុជាបានត្រៀមអត្តពលិករបស់ ខ្លួនត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សីដក់ដណ្តើមពានរង្វាន់ព្រះមហាក្រត្សថៃ នាខែកញ្ញា ឆ្នាំ២០១៨ ខាងមុខផងដែរ៕


ដោយ ហេង ណាលីន