ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជម្រើសជាតិសូហ្វតេន្នីសត្រឡប់មកពីហ្វឹកហាត់នៅជប៉ុន ត្រៀមការប្រកួត Asian Games នៅឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨–ក្រោយបញ្ចប់ការហ្វឹកហាត់រយៈពេល២ខែ នៅទីក្រុង Sendai ប្រទេសជប៉ុន ក្រុមកីឡាករ ជម្រើសជាតិសូហ្វតេន្នីសកម្ពុជាទាំង៤នាក់ បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួន វិញហើយ ដើម្បីបន្តការហ្វឹកហាត់ក្នុងស្រុកបន្ថែម មុនពេលដែលត្រូវចេញទៅចូលរួមប្រកួតប្រ ជែងនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០១៨ ដែលគ្រោងនឹង ធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ។

តំណាងក្រុមសូហ្វតេន្នីសកីឡាករ យី សរសារិទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញថា ក្រុមជម្រើសជាតិរបស់ខ្លួនពិតជាទទួលបាន​បច្ចេកទេសល្អៗ និងថ្មីៗជាច្រើន ក្នុងពេលហ្វឹកហាត់បង្កើនបច្ចេកទេស នៅប្រទេសជប៉ុន។

អ្នកដឹកនាំកីឡាករចេញទៅហ្វឹកហាត់ និងជាគ្រូជម្រើសជាតិសូហ្វតេន្នីសកម្ពុជា លោក ម៉ាសាតុ អូគីវ៉ារ៉ា បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឆ្នាំ២០១៨ នេះ គឺប្រភេទកីឡាសូហ្វតេន្នីសកម្ពុជា នឹងប្រជែងបានលទ្ធផលល្អប្រសើរ ពីព្រោះថា កីឡាករ ជម្រើសជាតិទាំងនេះ បានឆ្លងកាត់ការហ្វឹកហាត់បច្ចេកទេសនៅប្រទេសជប៉ុនពីរខែ សុទ្ធតែ ទទួលបានបច្ចេកទេសថ្មីៗ។ កីឡាករទាំង៤នាក់ ដែលចេញទៅហ្វឹកហាត់នៅទីក្រុង សាន់ដាយ ប្រទេសជប៉ុនរយៈពេលពីរខែ ត្រៀម Asian Games រួមមាន កីឡាករ ឌឹម សំសុជាភារុណ, យី សរសារិទ្ធ, អន សម្បត្តិ និងកីឡាករ កាន់ សោភ័ណ្ឌ។

គួរបញ្ជាក់ថា សូហ្វតេន្នីសកម្ពុជាគឺជាប្រភេទកីឡាប្រកបដោយសក្តានុពលមួយ ដែល ធ្លាប់ដណ្តើម បានមេដាយពីជើងឯកអន្តរជាតិនានា នាពេលកន្លងមកហើយ ឯកឧត្តម ជា ប៊ុនហេង អនុប្រធានសហព័ន្ធនេះ ក៏ធ្លាប់បានអះអាងដែរថា សូហ្វតេន្នីសកម្ពុជាកំពុងឈរនៅ ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ក្នុងចំណោម ៤៥ប្រទេស ហើយបើប្រៀបធៀបក្នុង អាស៊ានកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៣ ពោលគឺនៅក្រោមតែឥណ្ឌូណេស៊ី និងថៃប៉ុណ្ណោះ ដូច្នេះកម្ពុជាជាក្រុមកំពុងលេចធ្លោថ្មីមួយ ដែលរំពឹងទទួលបានលទ្ធផលពីការប្រកួតអាស៊ី មួយនេះ៕


ដោយ ហេង ណាលីន