ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប និងក្រសួងការបរទេស ប្រតិកម្មទៅនឹងការរិះគន់បំប៉ោងតួលេខអ្នកទៅបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានច្រាលចោលនូវការចោទប្រកាន់ទាំងឡាយ ដែលថា ចំនួនអ្នកទៅបោះឆ្នោត ត្រូវ​បានបំប៉ោងផ្ទុយពីការពិត។ ក្រសួងស្ថាប័នទាំងពីរ ហៅការរិះគន់នោះថា ជាអំពើទុច្ចរិត។
លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានពន្យល់ថា មូលហេតុដែលនាំឱ្យ​កម្ពុជាមាន​អ្នកចេញទៅបោះឆ្នោតច្រើនដោយសារតែកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គួបផ្សំនឹងគ.ជ.ប បានប្រើប្រាស់គ្រប់មធ្យោបាយមានដូចជា ផ្តល់ប័ណ្ណព័ត៌​មានដល់​អ្នកបោះ​ឆ្នោត ការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធើណេត ការចាក់ម៉េក្រូចល័ត ការបង្កើនការផ្សព្វផ្សាយ​តាម​រយៈបណ្តាញសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានដល់អ្នកបោះឆ្នោត ខណៈប្រជាពលរដ្ឋខ្មែរ​ស្រលាញ់​សុខសន្តិភាព ការអភិវឌ្ឍ និងត្រូវការរបបលទ្ធិប្រជាធិបតេយ្យ។
ចំណែក សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញ​ផ្សាយ កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា បានបញ្ជាក់ថា អ្នកទៅបោះឆ្នោតដែល មានចំនួនច្រើន គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់អំពីជំនឿទុកចិត្តយ៉ាងរឹងមាំ របស់ប្រជាពលរដ្ឋទៅ​លើដំណើរ​ការ​បោះឆ្នោត និងគ.ជ.ប ដែលជាស្ថាប័នរៀបចំការបោះឆ្នោត។ អាត្រាអ្នកទៅបោះឆ្នោតដ៏ច្រើន គឺ​ជា​​ការបដិសេធទាំងស្រុងចំពោះការអំពាវនាវឱ្យធ្វើពហិការ ដោយអ្នកនយោ​បាយប្រឆាំង​មួយ​ចំនួន និងរដ្ឋាភិបាលបរទេសដែលគាំទ្រពួកគេ។ ក្រសួងមួយនេះ បានបន្តថា ចំនួនអ្នកទៅចូល​រួមបោះឆ្នោតនៅកម្ពុជា គឺមានចំនួនច្រើនជាងចំនួនអ្នកទៅបោះឆ្នោតនៅ​ក្នុងប្រទេសប្រជាធិប​តេយ្យ​លោកខាងលិចមួយចំនួន រួមទាំងប្រទេសមួយចំនួនដែលកំពុងតែរិះ​គន់យ៉ាងធ្ងន់ធ្ងរ​មក​លើ​ការ​បោះឆ្នោតរបស់កម្ពុជា នាពេលបច្ចុប្បន្នផងដែរ។
ប្រតិកម្មរបស់ក្រសួង ស្ថាប័នទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រទេសប្រជាធិប​តេយ្យមួយ​ចំនួន​មានដូចជា៖ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក បារាំង អង់គ្លេស ណូវេលសេឡង់ អូស្ដ្រាលី កា​ណា​​ដា ចេញសេចក្តីថ្លែងការណ៍បន្តបន្ទាប់គ្នា ដោយប្រកាសមិនទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា ខណៈអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមកពីប្រទេសចិន រុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌា វៀត​ណាម ថៃ ជាដើមសរុបជាង៨ម៉ឺននាក់ ដែលចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតនិងរាប់​សន្លឹក វាយតម្លៃថា ដំណើរការតាមនីតិវិធីដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព សេរី ពហុបក្ស។
អ្នកនាំពាក្យគ.ជ.ប បានហៅការរិះគន់របស់ក្រុមប្រទេសប្រជាធិបតេយ្យទាំងនេះថា មាន​ចរិត​នយោបាយលម្អៀងទៅរកអតីតគណបក្សប្រឆាំង ដោយការគិតទុកជាមុន។
យោងតាមរបាយការណ៍របស់គ.ជ.ប បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរជាង៦លាន៩៤ម៉ឺននាក់ ស្មើនឹង៨២,៨៩ភាគរយ បានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ​២០១៨ កាលថ្ងៃទី២៩ ខែកក្កដា ខណៈក្នុងបញ្ជីបោះឆ្នោតមានប្រជាព​លរដ្ឋជាង៨លាន​៣៨​ម៉ឺននាក់។ ចំនួនអ្នកចេញទៅបោះឆ្នោតឆ្នាំ២០១៨នេះ លើសចំនួនអ្នកទៅបោះឆ្នោតកាលពីឆ្នាំ​២០១៣ ដែលមានចំនួនជាង៦លាន៧៣ម៉ឺននាក់៕